(ភ្នំពេញ)៖ សមាគមសភាពាណិជ្ជកម្មសិង្ហបុរី បានបើកដំណើរការជាផ្លូវការនៅកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើធុរកិច្ចរវាងកម្ពុជា និងសិង្ហបុរី ព្រមទាំងជួយភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។
ក្នុងពិធីបើកសម្ពោធសមាគមសភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លោក Tan Wee Pin ប្រធានសមាគមសភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា បានគូសបញ្ជាក់ពី បេសកកម្មរបស់សមាគមនេះ គឺដើម្បីក្លាយជាវេទិកាមួយ ដែលជាស្ពានតភ្ជាប់ពាណិជ្ជកម្មសិង្ហបុរី និងកម្ពុជា ក៏ដូចជាការភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរទៅកាន់ដៃគូអន្តរជាតិផងដែរ។
លោកមានប្រសាសន៍ថា «ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ខ្ញុំបានឃើញសហគមន៍ពាណិជ្ជកម្មសិង្ហបុរីនៅទីនេះ(នៅកម្ពុជា)មានការរីកចម្រើនជាលំដាប់។ យើងក៏មានអារម្មណ៍ថា វាជាពេលវេលាដ៏ប្រពៃក្នុងការបង្កើតឲ្យមានសមាគមសភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា ។យើងមានបំណងបង្កើតកិច្ចសហការ និងឱកាសកាន់តែច្រើនសម្រាប់អ្នកពាក់ព័ន្ធ»។
លោកបន្ថែមថា គណៈកម្មាធិការប្រតិបត្តិរបស់សមាគម ត្រូវបានបង្កើតឡើងដោយសមាជិកមកពីឧស្សាហកម្មជាច្រើនដូចជា វិស័យអប់រំ វិស័យព័ត៌មានវិទ្យា រោងចក្រសហគ្រាស ធនាគារ និងវិស័យជាច្រើនទៀត ដោយសមាជិកទាំងនោះបានធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកចង់ប្រើបទពិសោធន៍ទាំងនោះ ដើម្បីជ្រោមជ្រែងដៃគូថ្មីៗដែលចូលមកក្នុងទីផ្សារ និងជួយអាជីវកម្មដែលមានស្រាប់ឲ្យស្វែងរកកិច្ចសហការថ្មី និងបើកចំហរឱកាសជាច្រើនទៀត។
លោកបន្ថែមថា «យើងនឹងធ្វើការយ៉ាងស្វិតស្វាញដើម្បីបង្កើតការយល់ដឹងឲ្យកាន់តែទូលំទូលាយ និងរៀបចំសកម្មភាពដែលនាំឲ្យមានសមាហរណកម្មពាណិជ្ជកម្ម។ យើងកំពុងរៀបចំកម្មវិធី វគ្គសិក្សាជាបណ្តាញ និងការសហការជាមួយសភាពាណិជ្ជកម្ម និងដៃគូផ្សេងៗទៀត ដែលនឹងបើកចំហរសក្តានុពលពាណិជ្ជកម្ម និងការជួយក្រុមហ៊ុនពី ទ្វេរភាគី ឱ្យរីកចម្រើនជាមួយគ្នា»។
លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដែលជាអធិបតីក្នុងពិធីបើកសម្ពោធសមាគមនេះ បានសម្តែងការស្វាគមន៍ចំពោះវិនិយោគិនមកពីសិង្ហបុរី និងលើកឡើងពីសក្តានុពលមួយចំនួនដើម្បីទាក់ទាញវិនិយោគិនពីសិង្ហបុរីមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាផងដែរ៕