(ភ្នំពេញ)៖ ​លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់អ្នកនិយមចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា AI សូមប្រុងប្រយ័ត្ន​​ ចំពោះកម្មវិធី Deep Fake ​ខណៈ​កម្មវិធីនេះកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់យ៉ាងខ្លាំង។

លោក លីវ សុផាណារិទ្ធិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «របៀបការពារខ្លួនពីឧបាយកលឆបោកដោយប្រើ AI»។ ​

លោកបានពន្យល់ថា ​ចំពោះកម្មវិធី Deep Fake ប្រសិនបើប្រើប្រាស់ត្រូវនោះនឹងទទួលបានអត្ថប្រយោជន៍ច្រើន ប៉ុន្តែបើអ្នកប្រើប្រាស់ ប្រើក្នុងបំណងផលិតមាតិកាផ្សេងៗ ក្នុងគោលដៅឆបោក គឺជាហានិភ័យមួយ ដែលយើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា​ ​ ប្រសិនបើទទួលបានសារ ឬការហៅចូលតាមទូរសព្ទ ឬតាមបណ្តាញទំនាក់ទំនង។

លោកបានលើកឡើងថា អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា AI គឺមានច្រើន ដែលកម្មវិធីខ្លះមិនអាចមានគុណភាព ​មានការទទួលស្គាល់ និងផ្តល់នូវទំនុកចិត្តដូចៗគ្នានោះទេ​៕