(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រតិបត្តិការ ហោះហើរដឹកអ្នកដំណើរ រវាងភ្នំពេញ-កាន់សៃ (អូសាកា-ប្រទេសជប៉ុន) ក្នុងពេលឆាប់ៗនេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រតិបត្តិការហោះហើរដឹកអ្នកដំណើរក្នុងពេលឆាប់ៗនេះ (ឆ្នាំ២០២៥) រវាង ភ្នំពេញ-កាន់សៃ (អូសាកា-ប្រទេសជប៉ុន) ដោយឆ្លងកាត់ក្រុង ហ្វូចូវ (Fuzhou) នៃប្រទេសចិន (ភ្នំពេញ/PNH - ហ្វូចូវ/FOC - កាន់សៃ/KIX)»។

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា ប្រតិបត្តិការនោះ នឹងមានចំនួន៤ជើង/ក្នុងមួយសប្តាហ៍ ពោលគឺ ថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A321។

ជាមួយគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា កំពុងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយប្រតិបត្តិករអាកាសយានដ្ឋានពាក់ព័ន្ធ ដើម្បីសម្រួលដល់ការផ្តល់សេវាកម្មចុះចត នៅតាមអាកាសយានដ្ឋានទាំងនោះ។

បើគ្មានអ្វីប្រែប្រួលនៅះទេ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia/ K6) អាចនឹងចាប់ផ្តើមដំណើរការប្រតិបត្តិការ ហោះដឹកជញ្ជូនអ្នកដំណើររបស់ខ្លួន នៅអំឡុងខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។ នេះជាការបញ្ជាក់បន្ថែម រ​បស់លោក ស៊ីន ចាន់សិរីវុត្ថា។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ទទួលបានការអនុញ្ញាតឱ្យធ្វើការហោះហើរ ទៅកាន់ប្រទេសជប៉ុន ស្ថាប័នមានសមត្ថកិច្ច នៃប្រទេសទាំង២ (កម្ពុជា និងជប៉ុន) បានឯកភាព និងអនុម័ត លើការស្នើសុំរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា សម្រាប់ប្រតិបត្តិការអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាស ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ៕