(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចំនួន២៣ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា និងបានប្រមូលសាច់ប្រាក់សរុបពីទីផ្សារចំនួន ៣៨៧.២២ លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍អំពី ទិដ្ឋភាពទូទៅនៃផ្សារមូលត្រសម្រាប់ឆ្នាំ២០២៤។
ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានផ្តល់ការអនុញ្ញាត ដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលចំនួន ២ដែល ក្នុងនោះក្រុមហ៊ុនចំនួន១ បានបោះផ្សាយលក់សញ្ញាបណ្ណបៃតង ហើយក្រុមហ៊ុនទាំង២នេះ ប្រមូលបានសាច់ប្រាក់ ពីទីផ្សារសរុបចំនួន ២៩.៩៦ លានដុល្លារ។ បើទោះបីជាទិន្នន័យនេះ មានចំនួនទាបបើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែដោយសារការត្រៀមខ្លួនរួចរាល់របស់ក្រុមហ៊ុនចុះបញ្ជី ចំនួននេះនឹងកើនឡើងខ្ពស់ក្នុងឆ្នាំ២០២៥។
ជាកិច្ចឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាសកល និងក្នុងគោលបំណងជំរុញការជួញដូរមូលបត្រ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យមូលបត្រ និងដាក់ចេញនូវផលិតផល និងអាជីវកម្ម ឌីជីថលពាក់ព័ន្ធនឹងមូលបត្រ និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវយន្តការ និងរៀបចំនូវសេចក្តីព្រាងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេសសេចក្តីព្រាងប្រកាស ស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល។ ក្នុងឆ្នាំ២០២៤នេះ និយ័តករបានផ្តល់ការអនុញ្ញាត ដល់ក្រុមហ៊ុនចំនួន ២ចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រផងដែរ។
គិតត្រឹមឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និង/ឬការទទួលស្គាល់ដល់ក្រុមហ៊ុន/ភ្នាក់ងារ ផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ២៧ ក្រុមហ៊ុន/ភ្នាក់ងារ និងដល់អ្នកជំនាញក្នុងទីផ្សារមូលបត្រសរុបចំនួន ៣១៥ រូប។
ទីផ្សារមូលបត្រមានកំណើនគួរឱ្យកំណត់សម្គាល់ក្នុងឆ្នាំ២០២៤ បើទោះបីជាកំណើននេះនៅមានកម្រិតទាប បើធៀបនឹងទីផ្សារក្នុងតំបន់ ប៉ុន្តែទីផ្សាមូលបត្រកម្ពុជា មាននិន្នាការនៃការវិវត្ត គឺស្របតាមការអភិវឌ្ឍរបស់ ទីផ្សារក្នុងស្រុក និងតំបន់ ក៏ដូចជាទីផ្សារសកល ដូចជាហិរញ្ញវត្ថុនិរន្តរភាព និងការធ្វើឌីជីថលូបនីយកម្ម ក្នុងវិស័យមូលបត្រ។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងឲ្យដឹងថា «ក្នុងឆ្នាំ២០២៤ត្បិតតែថា ជាឆ្នាំដែលពិភពលោកទាំងមូលជួបរឿងលំបាកពិតមែន ដោយមានវិបត្តិ និងបញ្ហាប្រឈម ក្នុងវិស័យហិរញ្ញវត្ថុជាសកល ប៉ុន្ដែដំណើរការនៃផ្សារមូលបត្រ គឺមានដំណើរការជាប្រក្រតី ទោះបីជាយើងប្រឈម នឹងការនៃការធ្លាក់ចុះនៃការជួញដូរខ្លះ ប៉ុន្ដែនៅតែមានដំណើរការល្អប្រសើរ និងមានការចូលរួមច្រើនជាងមុន។ ដូច្នេះនេះបង្ហាញថា អ្នកស្គាល់ផ្សារមូលបត្រកម្ពុជា និងមានជំនឿទុកចិត្តលើវិស័យមូលបត្រ និងការយល់ដឹងពីក្រុមហ៊ុន និងសាធារណជនលើវិស័យនេះ មានការកើនឡើងគួរឲ្យកត់សំគាល់»៕