(ភ្នំពេញ)៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ ដែលមានទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។

សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌលើកលែង ពន្ធ ដូចខាងក្រោម៖

ក៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។
ខ៖ ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង ត្រូវបានលើកលែង។
គ៖ ចំពោះដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
* ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
* ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ច របស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
* ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល
* ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
* ដីដែលជាកម្មសិទ្ធិរបស់សហគមន៍
* ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ
* ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
* ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
* ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារ ក្នុងវិស័យដូចបានរៀបរាប់ខាងដើម។

ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ដីធ្លីមិនបានប្រើប្រាស់ ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង មិនមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ នោះទេ ខណៈដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ៕