(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញសេដ្ឋកិច្ច បានថ្លែងឲ្យដឹងថា នៅចំពោះមុខកម្ពុជា គួរតែពិនិត្យលទ្ធភាព កែច្នៃវត្ថុធាតុដើម ហើយដើម្បីជំរុញតម្លៃបន្ថែម គឺផ្អែកលើអ្វីដែលជាធាតុចូលក្នុងស្រុក ទាំងកម្លាំងពលកម្ម ទាំងធនធានវត្ថុធាតុដើម។

លោកលើកឡើងបែបនេះ ធ្វើឡើងនៅក្នុង កម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលអន្តរជាតិលើការអភិវឌ្ឍនសេដ្ឋកិច្ចរបស់កម្ពុជា»។ ​

លោកបណ្ឌិត ឆេង គឹមឡុង បានថ្លែងថា វត្ថុធាតុដើមដែលកម្ពុជាយើងមានរួមទាំងទំនិញកសិកម្ម មិនទាន់កែច្នៃជាផលិតផលផ្សេងៗ ដើម្បីជំរុញតម្លៃបន្ថែម គឺផ្អែកលើអ្វីដេលជាធាតុចូលក្នុងស្រុក ទាំងកម្លាំងពលកម្ម ទាំងធនធានវត្ថុធាតុដើម ដូចជាស្រូវអង្ករយើងមានការនាំចេញជាច្រើនផងដែរ ប៉ុន្ដែការកែច្នៃស្រូវអង្ករ, ផលិតផលទាក់ទិននឹងស្រូវអង្ករ ទៅជាផលិតផលផ្សេងៗទៀត បង្កើតតម្លៃបន្ថែមប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងបច្ចេកវិទ្យាក្នុងស្រុក គឺជាផលិតផលកសិកឧស្សាហកម្មផ្សេងៗ។

លោកបានបន្ដថា ក្នុងនោះអង្គាមក្នុងប្រទេសមួយចំនួន បានសិក្សាស្រាវជ្រា​វ យកអង្គាមទៅប្រើប្រាស់ជាវត្ថុធាតុដើមដូចជាធ្វើជាធ្យូង ដែលក្លាយជាធាតុចូលសម្រាប់កែច្នៃទៅជាទំនិញផ្សេងៗទៀត។ អង្ករអាចកែច្នៃជាម្សៅអង្ករ ដែលជំរុញក្នុងវិស័យវិស្វកម្មម្ហូបអាហារ ឬវិស្វកម្មចំណីអាហារ ដែលផ្ដោតលើគុណភាពជាចម្បង។

លោកបានបញ្ជាក់ថា ប៉ុន្ដែដើម្បីកែច្នៃទំនិញទាំងនេះ ឲ្យក្លាយទៅជាទំនិញដែលមានគុណភាព និងអាចនាំចេញបានទាមទារការស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ដ និងវិស្វកម្ម ម្ហូបអាហារនេះឲ្យបានច្រើន ជំរុញអ្នកវិនិយោគមកធ្វើលើផ្នែកនេះ និងផ្ដល់ការលើកទឹកចិត្ត ព្រមទាំងការជួយគាំទ្រឲ្យបានច្រើន ទាំងផ្នែកច្បាប់, ការគាំពារគំនិត និងបច្ចេកទេសផ្សេងៗជាច្រើនទៀត៕