Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានាំចេញអង្ករជាង ២១ម៉ឺនតោន ទទួលបានទឹកប្រាក់ ២១១លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ (Video inside)

11-04-2025 15:47

(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ២១ម៉ឺនតោន ទទួលបានទឹកប្រាក់ចំនួន ២១១ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករ បានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ១០៦ ៥១៣តោន គិតជាទឹកប្រាក់ចំនួន ៨៤.៨៣លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន និងហុងកុងចំនួន ៣៧ ៨២១តោន គិតជាទឹកប្រាក់ចំនួន ២២.៥៩ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេសបានបរិមាណចំនួន ៣៤ ៩២៣តោន គិតជាទឹកប្រាក់ចំនួន ២៤.៩៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៣១ ៨០១តោន គិតជាទឹកប្រាក់ចំនួន ២៨.១៤លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន៨១.៣៨% ប្រភេទអង្ករសគ្រាប់វែង១៣.៦០% អង្ករចំហ៊ុយ ២.៦០% អង្ករសរីរាង្គចំនួន ១.៩៣% និងអង្ករផ្សេងៗចំនួន ០.៤៩%។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៤៤៤ ៥២៤ តោនស្រូវសើម ទទួលបានទឹកប្រាក់ប្រមាណ ៥៧៥.៣២ លានដុល្លារសហរដ្ឋអាមេរិក៕