(បាងកក)៖ មន្ត្រីមួយរូបនៃក្រសួងឧស្សាហកម្មថៃបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន ដែលមានចំនួន ១៨,៣ភាគរយនៃការនាំចេញសរុប ឬស្មើនឹងចំនួន ៥៤,៩៦ពាន់លានដុល្លារ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា បើយោងតាមលោក Passakorn Chairat ប្រធានការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម ថៃមិនបានកំណត់ពេលវេលាសម្រាប់ការកាត់បន្ថយអតិរេកនេះទេ ប៉ុន្តែលោកបានថ្លែងក្នុងសន្និសីទខ្លីមួយថា រដ្ឋាភិបាលថៃនឹងបង្កើនការនាំចូលផលិតផលកសិកម្ម ដូចជាពោត សណ្តែកសៀង និងអេទីឡែន ដែលអាចប៉ះពាល់ដល់ផលិតផលក្នុងស្រុក។
ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ប្រទេសថៃមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកចំនួន ៣៥,៤ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានកំណត់តួលេខឱនភាពរបស់ខ្លួនជាមួយប្រទេសថៃថាមានចំនួន ៤៥,៦ពាន់លានដុល្លារ។
លោក Passakorn បាននិយាយថា រដ្ឋាភិបាលថៃបានពិភាក្សាអំពីការរៀបចំយុទ្ធសាស្ត្រដើម្បីដោះស្រាយការយកពន្ធរបស់សហរដ្ឋអាមេរិក។ លោកបានប្រាប់រ៉យទ័រថា៖ «ព័ត៌មានត្រូវបានចែករំលែកនៅឯកិច្ចប្រជុំមួយនៅថ្ងៃនេះ (ថ្ងៃសុក្រ)»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានដាក់កាលបរិច្ឆេទកំណត់នៅសប្តាហ៍ក្រោយសម្រាប់ទីភ្នាក់ងារសហព័ន្ធដើម្បីបញ្ចប់ការត្រួតពិនិត្យយ៉ាងទូលំទូលាយទៅលើបញ្ហាពាណិជ្ជកម្មជាច្រើន រួមទាំងការវិភាគជាប្រចាំអំពីឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕