(ញូវយ៉ក)៖ មាសដែលជាទ្រព្យរក្សាសុវត្ថិភាពសម្រាប់ការវិនិយោគបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតថ្មីមួយកាលពីថ្ងៃសុក្រ ខណៈសន្ទស្សន៍ភាគហ៊ុនរបស់ផ្សារហ៊ុនធំៗក្នុងពិភពលោកបានធ្លាក់ចុះ ដោយសារក្តីបារម្ភពីសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើនឡើងដោយសារវិធានការពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ពាណិជ្ជករអាមេរិកក៏មានក្តីបារម្ភអំពីអតិផរណាផងដែរ ប៉ុន្តែអ្វីដែលបារម្ភខ្លាំងជាងនេះគឺពន្ធគយ ២៥ភាគរយរបស់លោក ត្រាំ លើការនាំចូលរថយន្ត និងផែនការដកហូតពន្ធគយខ្លាំងជាងនេះបន្ថែមទៀតនៅសប្តាហ៍ក្រោយ។
នៅតំបន់ហិរញ្ញវត្ថុ Wall Street សន្ទស្សន៍ផ្សារហ៊ុនសំខាន់ៗទាំងបីរបស់អាមេរិកបានបញ្ចប់ការជួញដូរជាមួយនឹងការធ្លាក់ចុះ ដោយបានធ្លាក់ចុះបីលើកជាប់គ្នា។ វិស័យដែលធ្លាក់ចុះខ្លាំងជាងគេគឺសេវាកម្ម ទូរគមនាគមន៍ ការលក់រាយ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។
សន្ទស្សន៍ផ្សារហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះ ១,៦៩ភាគរយមកនៅត្រឹម ៤១ ៥៨៣,៩០ពិន្ទុ សន្ទស្សន៍ផ្សារហ៊ុន S&P 500 បានធ្លាក់ចុះ ១,៩៧ភាគរយមកនៅត្រឹម ៥ ៥៨០,៩០ពិន្ទុ និងសន្ទស្សន៍ផ្សារហ៊ុន Nasdaq Composite បានធ្លាក់ចុះ ២,៧ភាគរយមកនៅត្រឹម ១៧ ៣២២,៩៩ពិន្ទុ។
សន្ទស្សន៍ផ្សារហ៊ុន STOXX 600 របស់អឺរ៉ុបបានបញ្ចប់ការជួញដូរនៅថ្ងៃចុងក្រោយជាមួយនឹងការធ្លាក់ចុះ ០,៧៧ភាគរយ ហើយបានបញ្ចប់សប្តាហ៍ជួញដូរ (គិតត្រឹមថ្ងៃសុក្រ) ជាមួយនឹងការធ្លាក់ចុះ ១,៣៨ភាគរយ ដោយសារធ្លាក់ចុះជិត ១ភាគរយនៃវិស័យរថយន្ត និងគ្រឿងបន្លាស់រថយន្ត។
សន្ទស្សន៍ភាគហ៊ុនពិភពលោក MSCI បានធ្លាក់ចុះ ១,៥៨ភាគរយមកនៅត្រឹម ៨២៩,៨៩ពិន្ទុនៅថ្ងៃសុក្រ។
លោក Michael Metcalfe ប្រធានយុទ្ធសាស្រ្តម៉ាក្រូពិភពលោកនៃក្រុមហ៊ុន State Street បានប្រាប់រ៉យទ័រថា ពន្ធលើរថយន្តរបស់សហរដ្ឋអាមេរិកមានភាពគឃ្លើនជាងការរំពឹងទុកនេះ ជាពិសេសដោយសារតែមិនមានការកែសម្រួលណាមួយសម្រាប់ប្រទេសជិតខាងរបស់សហរដ្ឋអាមេរិកគឺម៉ិកស៊ិក និងកាណាដា។
លោក Metcalfe បានមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំមិនដឹងគឺថាតើភាពស្រពិចស្រពិលនៃពន្ធគយលើរថយន្តនឹងប្រែទៅជាវិធានការពន្ធកាន់តែទូលំទូលាយដែលយើងនឹងទទួលបាននៅសប្តាហ៍ក្រោយឬអត់»។ លោកបានបន្ថែមថា៖ «ហើយកត្តានោះកំពុងបង្កឱ្យវិនិយោគិនងាកចេញហានិភ័យ»។
តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀត ៣ ០៨៦,៧ដុល្លារក្នុងមួយអោន (៨,៣ជី) ខណៈដែលការគំរាមកំហែងនៃសង្គ្រាមពាណិជ្ជកម្មជំរុញឱ្យមានការប្រញាប់ប្រញាល់ទិញមាសទុកសម្រាប់ធ្វើជាទ្រព្យសុវត្ថិភាព៕