(ហាណូយ)៖ ក្រសួងហិរញ្ញវត្ថុរបស់វៀតណាមបានដាក់សំណើកាត់បន្ថយពន្ធនាំចូលលើផលិតផលជាច្រើនរបស់អាមេរិករួមទាំងឧស្ម័នរាវធម្មជាតិ រថយន្ត ឈើ និងផលិតផលកសិកម្ម ខណៈដែលប្រទេសនេះព្យាយាមជៀសវាងការគំរាមកំហែងពីពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងការហិរញ្ញវត្ថុវៀតណាមថា ស្ថិតក្រោមសំណើរនេះ អត្រាពន្ធគយលើប្រភេទរថយន្តមួយចំនួនត្រូវបានទម្លាក់មកត្រឹម ៣២% ពីចន្លោះពី ៤៥% ទៅ ៦៤% ពន្ធលើឧស្ម័នរាវធម្មជាតិនឹងត្រូវកាត់បន្ថយមកត្រឹម ២% ពី ៥% ហើយអេតាណុលនឹងកាត់បន្ថយមកត្រឹម ៥% ពី ១០%។ ទំនិញកសិកម្មផ្សេងទៀតរួមមានផ្លែប៉ោម សាច់មាន់កក គ្រាប់អាល់ម៉ុន និងផ្លែស្ត្របឺរីផ្អែម ក៏នឹងទម្លាក់ផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា សេចក្តីព្រាងសំណើរកែប្រែបទប្បញ្ញត្តិនេះធ្វើឡើង «ដើម្បីបញ្ចៀសការកើតមានការវិវត្តដ៏ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាននៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោក» ជាមួយនឹងគោលនយោបាយពន្ធគយខ្លាំង ដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោករួមទាំងវៀតណាមផងដែរ។
វៀតណាមបាននិងកំពុងស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ថា រដ្ឋាភិបាលវៀតណាមមានភាពច្បាស់លាស់ក្នុងការដោះស្រាយអតិរេកពាណិជ្ជកម្មរបស់ខ្លួនដែលបានកើនឡើងដល់ ១២៣,៥ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យវៀតណាមមានអតិរេកពាណិជ្ជកម្មខ្ពស់បំផុតទីបីជាមួយសហរដ្ឋអាមេរិកស្ថិតនៅក្រោយប្រទេសចិន និងម៉ិកស៊ិក។ នេះបើយោងតាម Bloomberg៕