(សៀមរាប)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញការគាំទ្រនឹងចង់ឃើញស្នាដៃសិប្បកម្មកែច្នៃ ក្នុងស្រុកមានអភិវឌ្ឍន៍យ៉ាងលឿន ជាមួយនឹងការកែច្នៃកសិផលខ្មែរ និងត្រីសាច់មានផលិតភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារ ប្រកបដោយនិរន្តភាព។
មានប្រសាសន៍បែបនេះគឺ ក្នុងឱកាសដែលលោកបណ្ឌិត និងសហការី បានអញ្ជើញចុះពិនិត្យមើលផ្ទាល់ ផលិតកម្មចំនួន២កន្លែង ក្នុងក្រុងសៀមរាប គឺទី១ សិប្បកម្ម HT FOOD ដែលមានបង្កើតផ្សារកសិករ និងទី២ សហគ្រាសកែច្នៃត្រី សំណាងសុធា ស្ថិតនៅសង្កាត់សៀមរាប ក្រុមសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីបានអញ្ជើញពិនិត្យមើលទីតាំងផលិតកម្មកែច្នៃត្រី ការចែកចាយកសិផល សាច់ និងផ្សារកសិករសៀមរាបលក់ផលិតផលខ្មែរ ដែលផលិតដោយកសិកររួចមក បណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងកែច្នៃផលិតបានហើយអាចរកទីផ្សារ ដោយខ្លួនឯងបានថែមទៀតនោះ គួរតែរកវិធីសាស្ត្របន្ថែម ដើម្បីពង្រីកផលិតកម្មឲ្យដំណើរការជាប់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ និងចែកចាយកុំឲ្យដាច់លើទីផ្សារ។
សម្រាប់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មវិញ លោកបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ ដល់បងប្អូនជាម្ចាស់សិប្បកម្ម និងប្រជាពលរដ្ឋទូទៅក្នុងករណីដែលបងប្អូនចង់បានទុនបន្ថែមទៀត យកទៅពង្រីកក្នុងសង្វាក់ផលិតកម្មនោះ គឺអាចទាក់ទងមកធនាគារ ARDB ដែលមានការផ្តល់ជូនក្នុងអត្រាការប្រាក់សមរម្យនិងមានអនុគ្រោះផងដែរ៕