(កូឡាឡុំាពួរ)៖ ក្រុមហ៊ុន Malaysia Aviation Group (MAG) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នោះ បានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួននឹងទិញយន្តហោះ Boeing 737 ថ្មី ចំនួន៣០គ្រឿង សម្រាប់ការដឹកជញ្ជូន នៅឆ្នាំ២០២៩, ខណៈខ្លួនកំពុងស្វែងរកការធ្វើទំនើបកម្មយន្តហោះ និងការងើបឡើងវិញ ពីឧបសគ្គជាបន្តបន្ទាប់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

ក្រុមហ៊ុន បានព្រមព្រៀងដើម្បីទិញយន្តហោះ ប្រភេទ Boeing 737 MAX 8 ចំនួន១៨គ្រឿង និងប្រភេទ 737 MAX 10 ចំនួន១២គ្រឿង, នេះបើតាមសម្តីនាយកគ្រប់គ្រងក្រុមហ៊ុន MAG លោក Izham Ismail។

MAG បានបដិសេធ ក្នុងការបង្ហាញតម្លៃនៃកិច្ចព្រមព្រៀងនេះ។

Malaysia Airlines បានតស៊ូ ដើម្បីងើបឡើងវិញ ពីគ្រោះមហន្តរាយសម្លាប់មនុស្សចំនួន២លើក ក្នុងឆ្នាំ២០១៤ ហើយបាននិងកំពុងធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន ជាបន្តបន្ទាប់។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានកាត់បន្ថយជើងហោះហើររបស់ខ្លួន ជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានស៊ើបអង្កេត កាលពីឆ្នាំមុន ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ម៉ាឡេស៊ី ដែលបានរកឃើញបញ្ហាសុវត្ថិភាព និងការថែទាំសំខាន់ៗមួយចំនួន។

«វាគឺគួរដល់ពេលហើយ ដែល Malaysia Airlines មិនធ្វើឱ្យមានកំហុសដូចគ្នាម្តងទៀត។ ដូច្នេះ ការបញ្ជាទិញយន្តហោះថ្មី ត្រូវតែកំណត់ពេលវេលាឱ្យបានល្អ, បើមិនដូច្នោះទេ យើងនឹងមានស្ថានភាព ដូចកាលពីឆ្នាំមុន», លោក Izham បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ, ដោយបានចាត់ទុកការបញ្ជាទិញនេះ ពិតជាមានសារៈសំខាន់ណាស់។

​​ក្នុងកិច្ចព្រមព្រៀងនោះ ក៏រួមបញ្ចូលជាមួយជម្រើសក្នុងការទិញបន្ថែម នូវយន្តហោះចំនួន៣០គ្រឿងទៀតផងដែរ ដោយលោកបានលើកឡើងថា វាពឹងផ្អែកលើស្ថានភាពទីផ្សារ។

ក្នុងខែកុម្ភៈ ឆ្នាំ២០២២, MAG បានយល់ព្រមជួលយន្តហោះ Boeing 737 MAX 8 ថ្មី ចំនួន២៥គ្រឿង ពីក្រុមហ៊ុន Air Lease Corporation សម្រាប់ការដឹកជញ្ជូន នៅឆ្នាំ២០២៦។ យន្តហោះដំបូង ក្នុងចំណោមយន្តហោះទាំងនោះ បានទៅដល់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Izham បានឱ្យដឹងថា ក្រុមហ៊ុនបានទទួលរួចរាល់ហើយ នូវយន្តហោះចំនួន១១គ្រឿង ពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០២២ ស្តីពីការទិញយន្តហោះ Boeing ហើយនៅសល់១៤គ្រឿងទៀត នឹងមកនៅក្នុងរយៈពេល១៨ខែខាងមុខ។

MAG ក្នុងឆ្នាំ២០២២ ក៏បានឱ្យដឹងដែរថា ខ្លួនអាចនឹងទិញយន្តហោះ Airbus A330neo ថ្មីចំនួន២០គ្រឿង នៅឆ្នាំ២០២៨ផងដែរ៕