(ព្រុចសែល)៖ សហភាពអឺរ៉ុបកំពុងពន្យារ ពេលវិធានការពន្ធគយ ៥០% របស់ខ្លួនដែលបានស្នើឡើង ដើម្បីដកហូតលើស្រាវីស្គីរបស់អាមេរិក រហូតដល់ពាក់កណ្តាលខែមេសា ដែលឱ្យស្របគ្នាទៅវិធានការឆ្លើយតបយ៉ាងទូលំទូលាយផ្សេងទៀត ប្រឆាំងនឹងពន្ធដែក និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត័មាន Bloomberg News ខណៈថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការពន្យាពេលនៃការចាត់វិធានការដកហូតពន្ធគយនេះ ដែលដើមឡើយត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី១ ខែមេសា អនុញ្ញាតឱ្យមានការពិភាក្សាបន្ថែមទៀត ជាមួយមន្ត្រីសហរដ្ឋអាមេរិក។

ក្រុមហ៊ុនផលិតស្រាវីស្គីអាមេរិកបាន និងកំពុងប្រញាប់ប្រញាល់ត្រៀមខ្លួន ទៅនឹងវិធានការពន្ធគយរបស់សហ ភាពអឺរ៉ុបមុនពេលវិធានការពន្ធនេះចូលជាធរមាន រួមទាំងក្រុមហ៊ុនមួយចំនួន ដែលកំពុងនាំចេញផលិតផលរបស់ខ្លួនកាន់តែច្រើន តាមដែលអាចធ្វើទៅបានទៅកាន់សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ឧស្សាហកម្មនេះ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដកហូតពន្ធគយ ២០០% លើផលិតផលគ្រឿងស្រវឹងទាំងអស់ ដែលនាំចូលពីអឺរ៉ុបសម្រាប់ជាវិធានការឆ្លើយតប។

អ្នកនាំពាក្យសហភាពអឺរ៉ុប ត្រូវបានដកស្រង់សម្ដីខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាន តាមអ៊ីមែលមួយថា៖ «សហភាពអឺរ៉ុបបន្តត្រៀមខ្លួន ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាប្រកបដោយស្ថាបនា ជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយជៀសវាងការប៉ះពាល់ ដល់សេដ្ឋកិច្ចដែលមិនចាំបាច់»