(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ និងទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេស គឺការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីទម្លាប់នៃការអនុវត្តការងារ តាមរយៈការប្រើប្រាស់ក្រដាសស្នាមស្ទើរតែទាំងស្រុង ទៅជាទម្រង់ឌីជីថល ដែលជាលទ្ធផលបានធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធចូលថវិកាជាតិ។

ការលើកសរសើររបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងឱកាសចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ» ដែលរៀបចំឡើងអគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង លើកឡើងផងដែរថា អស់រយៈកាលប្រមាណជាង ២៥ឆ្នាំកន្លងមកនេះ សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីក្នុងនាមជាវិស័យឯកជន ក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល តាមរយៈកិច្ចសន្ទនា (Dialogues and Consultations) ពិភាក្សា និងការជំរុញលើកស្ទួយបរិយាកាសវិនិយោគផ្សេងៗ ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម “ឃ” – Working Group D)។

អ្នកឧកញ៉ាបន្តទៀតថា ក្រុមការងារ (ក្រុម “ឃ”)នេះ គឺបាននិងកំពុងក្លាយជាវេទិកា ឬយន្តការដ៏ល្អប្រសើរសម្រាប់កិច្ចសន្ទនា (Dialogues and Consultations) ពិភាក្សា និងដោះស្រាយបញ្ហានានា ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ។

អ្នកឧកញ៉ាក៏បានឆ្លៀតឱកាសលើកឡើង អំពីភាពចាំបាច់នៃការបន្តកែលម្អ និងធ្វើបច្ចុប្បន្នភាពឱ្យបានស៊ីសង្វាក់គ្នាល្អ រវាងគោលនយោបាយសារពើពន្ធ និងវិនិយោគជាបន្តបន្ទាប់ ស្របតាមកាលៈទេសៈ និងពេលវេលា ដើម្បីបង្កើតចំណុចគំនាស់សេដ្ឋកិច្ចរស់រវើក។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្ម សុំការគាំទ្រពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គង់ វិបុល ក្នុងការពាំនាំនូវសំណើរបស់សភាពាណិជ្ជកម្មកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំនូវគោលនយោបាយ ក្នុងការគាំទ្រដល់វិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះ គឺការស្នើសុំលើកលែងពន្ធប្រថាប់ត្រា ក្នុងករណីដែលម្ចាស់សហគ្រាស ធ្វើការផ្ទេរទ្រព្យជាអចលនទ្រព្យ ទៅជាទ្រព្យរបស់សហគ្រាសដែលជាម្ចាស់តែមួយ។

ក្នុងឱកាសនោះ លោក គង់ វិបុល បានថ្លែងលើកឡើងអំពីសារៈសំខាន់នៃការរៀបចំសិក្ខាសាលា ដែលដើរតួនាទីជាវេទិកាផ្សព្វផ្សាយបញ្ជ្រាប និងផ្តល់ចំណេះដឹងអំពីការបំពេញកាតព្វកិច្ចពន្ធ លើប្រាក់ចំណូលប្រចាំ និងបច្ចុប្បន្នភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងពន្ធដារ ក៏ដូចជាស្ថានភាពនៃការបន្តធ្វើទំនើបកម្ម និងបរិវត្តកម្មរដ្ឋបាលសារពើពន្ធនៃអគ្គនាយកដ្ឋានពន្ធដារ។

លោករដ្ឋមន្ត្រី ក៏បានលើកអំពីកិច្ចសហប្រតិបត្តិការល្អរវាងអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជនក្នុងក្រុមការងារ (ក្រុម“ឃ”) ដោយបានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា ទាក់ទិននឹងពន្ធដារ និងបានលើកឡើងពីការចូលរួមពិគ្រោះយោបល់ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងពន្ធដារ ដែលអាចធានា បាននូវភាពប្រទាក់ក្រឡាគ្នាជាមួយនឹងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ដើម្បីឱ្យឆ្លើយតបនឹងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាបាននូវភាពច្បាស់លាស់ ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសង្គតិភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ព្រមទាំងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ។

ជាមួយគ្នានេះ លោក គង់ វិបុល បញ្ជាក់ផងដែរថា ស្របតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ២០២៤-២០២៨ អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងខិតខំធ្វើបរិវត្តកម្មរដ្ឋបាលសារពើពន្ធជំនាន់ ២.0 ទៅ ២.០ បូក (Tax administration 2 Plus) នៅក្នុងឆ្នាំ២០២៨ និងបន្តឈានទៅសម្រេចបាននូវជំនាន់ ៣.០ (Tax Administration 3.0) បន្ទាប់ពីឆ្នាំ២០២៨ តទៅដែលមានន័យថា ជារដ្ឋបាលសារពើពន្ធឌីជីថលទាំងស្រុងតែម្តង ដែលនៅពេលនោះរាល់ការផ្តល់សេវាពន្ធដារ ចុះបញ្ជីពន្ធដារ ដាក់លិខិតប្រកាសពន្ធ បង់ប្រាក់ពន្ធ គឺធ្វើឡើងតាមមធ្យោបាយនិងទម្រង់ឌីជីថលទាំងស្រុង ដែលនឹងផ្តល់ភាពងាយស្រួល លឿនរហ័ស ទៀងទាត់ ជាក់លាក់ និងតម្លាភាពខ្ពស់ជូនអ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចពន្ធ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រស្នូលរបស់រាជរដ្ឋាភិបាល ក៏ដូចជា យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ (២០២៤-២០២៨) ត្រូវបានរៀបចំឡើងដោយប្រកាន់ខ្ជាប់នូវ អភិក្រម ចំនួន ៥ គឺ៖
១៖ ធានាកំណើនសេដ្ឋកិច្ច បង្កើតបរិយាកាសអំណោយផលដល់សកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្ម
២៖ មិនបង្កើតប្រភេទពន្ធថ្មី និងមិនដំឡើងអត្រាពន្ធអាករ លើកលែងតែ អាករពិសេសលើទំនិញ និងសេវា ដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាជន សង្គម និងបរិស្ថាន បន្តការអនុវត្តគោលនយោបាយលើកទឹកចិត្តមានស្រាប់ ដែលចំគោលដៅ និងមានវិចារណកម្ម និងធានាយន្តការប្រមូលពន្ធមិនឱ្យត្រួតគ្នា
៣៖ ពង្រឹងយន្តការឆ្លើយតបជាមួយអ្នកជាប់ពន្ធ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងការពង្រឹងក្រមប្រតិបត្តិមន្ត្រីប្រមូលចំណូល
៤៖ រៀបចំវិធានការ ដែលមានលក្ខណៈយុទ្ធសាស្រ្តមុតស្រួច និងមានចំនួនតិច ដែលមានចរិត បង្កើតចំណូល ប៉ុន្តែមិនបង្កឱ្យមានវិការភាពសេដ្ឋកិច្ច (economic distortion) និងធានាបាន នូវសមធម៌ និងយុត្តិធម៌ក្នុងការបង់ពន្ធ
៥៖ ជំរុញការចូលរួមពីវិស័យឯកជន ដើម្បីធានាឱ្យបាននូវទស្សនរួម ភាពគ្រប់ជ្រុងជ្រោយនៃវិធានការ និងភាពជាក់ស្តែងនិយម។

អភិក្រមទាំង ៥ នេះ គឺបានឆ្លើយតបទៅអ្វីដែលសភាពាណិជ្ជកម្មបានលើកឡើង ក៏ដូចជាវិស័យឯកជនចង់ដឹងចង់លឺ ពាក់ព័ន្ធនឹងគោលនយោបាយពន្ធដារ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនេះ៕