(ភ្នំពេញ)៖ ​រាជរដ្ឋាភិបាលសម្រេចបង្កើតការិយាល័យ «ច្រកចេញចូលតែមួយ» ប្រចាំនៅសួនកសិ-ឧស្សាហកម្ម ដែលស្ថិតស្រុកកំពង់សិលា ខេត្តព្រះសីហនុ ​​ដែលមាន​ផ្ទៃដី​៨០ហិកតា ​ក្នុងទុនវិនិយោគ ១០០ លានដុល្លារ​ ដើម្បីគាំទ្របច្ចេកទេសលើការកែច្នៃកសិផល និងជួយសម្រួលនិតិវិធីនៃការនាំចេញនាំចូល។

សម្រេចបង្កើតការិយាល័យ «ច្រកចេញចូលតែមួយ» នេះបន្ទាប់ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រជុំពិភាក្សាលើការបង្កើត និង ដំណើរការការិយាល័យ «ច្រកចេញចូលតែមួយ» ដើម្បីប្រចាំការនៅសួនកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC. ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។ កិច្ចប្រជុំនេះដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

ការិយាល័យ «ច្រកចេញចូលតែមួយ» នេះមានសមាសភាព មកពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្តព្រះសីហនុ, និង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការផ្តល់ការគាំទ្របច្ចេកទេសលើការកែច្នៃកសិផល, កិច្ចសម្រួលពាណិជ្ជកម្ម, នីតិវិធីបញ្ចេញទំនិញពីគយ និងការជំរុញការនាំចេញ ព្រមទាំងការផ្តល់វិញ្ញាបនបត្រស្តង់ដាអនាម័យ, លិខិតអនុញ្ញាតនាំចេញ/នាំចូល, និង ការលើកដាក់ទំនិញនៅកំពង់ផែ។ ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ដែលអាចក្លាយជាសួនសាកល្បង និង/ឬ គំរូមួយ សម្រាប់រៀនសូត្រ និង ដកស្រង់ពិសោធន៍ក្នុងការអភិវឌ្ឍសួន ឬ តំបន់កសិ-ឧស្សាហកម្មនៅកន្លែងដទៃទៀត។

​សូមជម្រាប​ថា កាលពីខែកក្កដា ឆ្នាំ២០២៤​ រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC. បង្កើតសួនកសិ-ឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។

សួនកសិ-ឧស្សាហកម្មនេះ មានផ្ទៃដីទំហំ​៨០ ហិកតា ជាមួយទុនវិនិយោគ ១០០ លានដុល្លារអាមេរិក ដែលបង្កើតឡើង ដើម្បីជំរុញការកែច្នៃ និង ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្តល់សេវានានា ជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្តុំ និងមានចរិតជាប្រព័ន្ធអេកូឡូស៊ី ដូចជា ការលាងសម្អាត ឃ្លាំងត្រជាក់ ឃ្លាំងសម្ងួត ការកែច្នៃ និង ការវេចខ្ចប់ ជាដើម។

គម្រោងសួនកសិ-ឧស្សាហកម្មនេះ ទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ស្ថិតក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែ​លរាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥។

កម្មវិធីពិសេសនេះផ្តល់ការលើកទឹកចិត្តពិសេស សម្រាប់គម្រោង៤ ប្រភេទ ដែលស្នើសុំ និង អនុវត្តគម្រោងក្នុងឆ្នាំ២០២៥ ដែលរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង និង ជាគម្រោងថ្មី, ការពង្រីកគម្រោង, និង គម្រោងមានស្រាប់ នៅក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះ បង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ដើម្បីធ្វើការពិនិត្យ និង សម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស, ផ្តល់ការគាំទ្រ, សម្របសម្រួល និង ជួយដោះស្រាយបញ្ហាប្រឈម ជូនវិនិយោគិន៕