(ព្រុចសែល)៖ ក្រុមហ៊ុន Airbus ក្រុមហ៊ុនសុសវែរបារាំង Dassault Systemes និងក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបតូចៗជាង ៩០ ព្រមទាំងក្រុមបញ្ចុះបញ្ចូលផ្សេងទៀតបានជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដើម្បីបង្កើនការវិនិយោគសាធារណៈលើបច្ចេកវិទ្យាទំនើប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុននិងក្រុមបញ្ចុះបញ្ចូលទាំងនេះបានឱ្យដឹងថា ការវិវឌ្ឍថ្មីៗនៅសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប និងវិធានការរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ពីភាពបន្ទាន់របស់អឺរ៉ុបក្នុងការចាត់វិធានការដើម្បីរក្សាស្វ័យភាពជាយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងវិស័យសំខាន់ៗ។
ពួកគេបានឱ្យដឹងនៅក្នុងលិខិតចំហរមួយចុះថ្ងៃទី១៤ ខែមីនាថា៖ «អឺរ៉ុបត្រូវការស្តារគំនិតផ្តួចផ្តើមនេះ ហើយក្លាយជាប្រទេសកាន់តែឯករាជ្យខាងផ្នែកបច្ចេកវិទ្យានៅគ្រប់ស្រទាប់ទាំងអស់នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗរបស់ខ្លួនរាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធឡូជីខល ដូចជាកម្មវិធី វេទិកា ប្រព័ន្ធផ្សព្វផ្សាយ ក្របខ័ណ្ឌនិងគំរូបញ្ញាសិប្បនិម្មិតរហូតដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាបន្ទះសៀគ្វី កុំព្យូទ័រ ការផ្ទុក និងការតភ្ជាប់»។
ពួកគេបានឱ្យដឹងថា៖ «ភាពពឹងអាស្រ័យលើគេខ្លាំងនាពេលបច្ចុប្បន្នរបស់អឺរ៉ុបបង្កើតហានិភ័យសុវត្ថិភាព និងភាពជឿជាក់ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់យើង និងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់យើង»។
លិខិតដដែលនោះបានឱ្យដឹងទៀតថា មូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋគឺជាគន្លឹះក្នុងការផ្តល់ហិរញ្ញប្បទានដល់គោលដៅដ៏មានមហិច្ឆតានេះ ជាពិសេសនៅក្នុងផ្នែកប្រើប្រាស់ដើមទុនច្រើននៃខ្សែច្រវាក់តម្លៃ ដូចជាបច្ចេកវិទ្យា quantum និងបន្ទះឈីបជាដើម។
លិខិតនេះក៏បានស្នើឱ្យរដ្ឋាភិបាលរបស់ប្រទេសនានានៅសហភាពអឺរ៉ុបប្រកាន់យកគោលនយោបាយ «ទិញទំនិញរបស់អឺរ៉ុប» ក្នុងការដេញថ្លៃលទ្ធកម្មដើម្បីជំរុញតម្រូវការ និងលើកទឹកចិត្តឱ្យអាជីវកម្មធ្វើការវិនិយោគ។
លិខិតនេះបានបន្ថែមថា៖ «គោលបំណងគឺមិនមែនផាត់ចេញក្រុមហ៊ុនមិនមែនអឺរ៉ុបនោះទេ ប៉ុន្តែដើម្បីបង្កើតលំហរមួយដែលក្រុមហ៊ុនផ្គត់ផ្គង់នៅអឺរ៉ុបអាចប្រកួតប្រជែងដោយស្របច្បាប់ (និងបង្ហាញពីភាពត្រឹមត្រូវក្នុងការដាក់ទុនវិនិយោគ)»។
ហត្ថលេខីនៅលើលិខិតចំហរនេះរួមមានក្រុមហ៊ុនផ្តល់សេវាខ្លោដ OVH Cloud របស់ប្រទេសបារាំងនិងដៃគូរបស់ខ្លួនក្នុងបណ្តាប្រទេសនៅសហភាពអឺរ៉ុបផ្សេងទៀត វិទ្យាស្ថានសុសវែរអឺរ៉ុប បណ្តាញក្រុមហ៊ុនទើបបង្កើតថ្មីអឺរ៉ុប សមាគមបញ្ញាសិប្បនិម្មិតអាល្លឺម៉ង់ មណ្ឌលបណ្តាញអ៊ីនធឺណិត Amsterdam Internet Exchange (AMS-IX) និងធនាគារវិនិយោគសាធារណៈបារាំង BPI France។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕