(ញូវដែលី)៖ ប្រទេសឥណ្ឌាបានចាប់ផ្តើមការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសណូវែលសេឡង់ ខណៈដែលប្រទេសទាំងពីរព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងគ្រាដែលមានការកើនឡើងភាពមិនច្បាស់លាស់ទាក់ទងនឹងពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយការិយាល័យព័ត៌មាននៃប្រទេសឥណ្ឌាថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាលោក Piyush Goyal បានជួបជាមួយលោក Todd McClay រដ្ឋមន្ត្រីពាណិជ្ជកម្មនិងវិនិយោគរបស់ប្រទេសណូវែលសេឡង់កាលពីថ្ងៃអាទិត្យសម្រាប់ការចរចា ដែលមានគោលបំណងសម្រេចបាននូវការចូលទៅកាន់ទីផ្សារកាន់តែប្រសើរនិងការពង្រឹងសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់។
ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសដែលប្រឈមនឹងការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកចាប់ពីខែក្រោយទៅ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងដកហូតពន្ធគយលើទំនិញនៅថ្ងៃទី២ ខែមេសា ដែលនឹងប៉ះពាល់ដល់ឧស្សាហកម្មនានាក្រៅពីឧស្សាហកម្មដែកថែបនិងអាលុយមីញ៉ូម ដែលត្រូវបានដំឡើងពន្ធគយរួចហើយនៅដើមខែនេះ។
ប្រទេសណូវែលសេឡង់រួមជាមួយប្រទេសផ្សេងទៀតកំពុងព្យាយាមសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា។ សហភាពអឺរ៉ុបនិងឥណ្ឌាមានបំណងបញ្ចប់កិច្ចព្រមព្រៀងនៅឆ្នាំនេះ ខណៈពេលដែលចក្រភពអង់គ្លេស និងប្រទេសស្ថិតក្នុងតំបន់អាស៊ីខាងត្បូងនេះបានព្យាយាមស្តារឡើងវិញនូវការចរចាពាណិជ្ជកម្មដែលចំណាយពេលដ៏យូរនៅដើមឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News៕