(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពលលោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំង៧នេះ មានទុនវិនិយោគសរុបប្រមាណ ២៤៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន២.៦ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង (ផលិតថ្មម៉ាប, ផលិតពិល, កែច្នៃស្បែក, និងផលិតប្រដាប់ប្រដារនិងគ្រឿងសង្ហារិមក្មេង) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៣គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៣០០មេហ្គាវ៉ាត់ និងគម្រោងបង្កើតផែស្ងួត)។

គម្រោងវិនិយោគទាំង៧នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់៕