(វ៉ាស៊ីនតោន)៖ ពន្ធគយដែលគ្រោងនឹងធ្វើឡើងរបស់សហរដ្ឋអាមេរិក លើការនាំចូលដែក និងអាលុយមីញ៉ូមរបស់កាណាដា នឹងបង្កើនការចំណាយសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ក្នុងវិស័យអណ្តូងប្រេងរបស់សហរដ្ឋអាមេរិក ដែលពឹងផ្អែកលើលោហធាតុទាំងនេះសម្រាប់ប្រតិបត្តិការរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាកម្មអណ្តូងប្រេងដូចជាក្រុមហ៊ុន ChampionX និងក្រុមហ៊ុន Patterson-UTI គឺជាឆ្អឹងខ្នងនៃឧស្សាហកម្មប្រេងនិងឧស្ម័ននៅអាមេរិកខាងជើង ដោយផ្គត់ផ្គង់ឧបករណ៍និងសេវាកម្មសំខាន់ៗសម្រាប់ការខួង ផលិត និងថែទាំ។ វិស័យខួងអណ្តូង បំពង់បង្ហូរប្រេង រោងចក្រចម្រាញ់ ម៉ាស៊ីនកំប្រេសស័រ ស៊ីទែនស្តុក និងវេទិកាប្រេងនៅក្នុងឈូងសមុទ្រត្រូវការដែកជាចាំបាច់។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានដំឡើងពន្ធគយទ្វេដងលើការនាំចូលដែកនិងអាលុយមីញ៉ូមរបស់ប្រទេសកាណាដាដល់ ៥០ភាគរយដែលនឹងចូលជាធរមាននៅថ្ងៃពុធសប្តាហ៍នេះ។

ក្រុមអ្នកជំនាញនៅក្នុងឧស្សាហកម្មថាមពលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដំឡើងពន្ធគយណាមួយនឹងបង្កើតឱ្យមានផលប៉ះពាល់ដែលអាចកើតមានឡើងដល់ប្រតិបត្តិការ និងថ្លៃដើមផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះ ។

លោក Andy Hendricks នាយកប្រតិបត្តិក្រុមហ៊ុន Patterson-UTI បាននិយាយថា៖ «ប្រហែល ១៤ភាគរយនៃអ្វីដែលយើងទិញពីប្រទេសដែលនឹងរងផលប៉ះពាល់ដោយវិធានការពន្ធគយ»។ លោកបានបន្តថា៖ «ប្រសិនបើអ្នកដកហូតពន្ធគយ វាអាចធ្វើឱ្យថ្លៃដើមរបស់យើងកើនឡើង»

ក្រុមហ៊ុន ChampionX ក៏បានព្រមានអំពីការកើនឡើងការចំណាយលើឧបករណ៍នានាដោយសារវិធានការពន្ធគយនេះផងដែរ។

ប្រភេទដែកពិសេសមួយប្រភេទពោលគឺដែករមូរក្តៅ (HRC) ត្រូវបានប្រើដើម្បីជាដែកបំពង់ OCTG ដែលដែកប្រភេទនេះស៊ូទ្រាំនឹងសម្ពាធខ្ពស់ សីតុណ្ហភាព និងបរិស្ថានដែលច្រែស។

លោក Nathan Nemeth អ្នកវិភាគមកពីក្រុមហ៊ុន Wood Mackenzie បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិកបាននាំចូលជិត ៤០ភាគរយនៃដែកបំពង់ OCTG របស់ខ្លួន ។ នៅខែមករា ឆ្នាំ២០២៥ ប្រទេសកាណាដានិងម៉ិកស៊ិកមានចំណែក ១៦ភាគរយនៃការនាំចូលដែក OCTG ដែលបង្ហាញថា អ្នកទិញបានទិញដែកប្រភេទនេះស្តុកទុកមុនពេលវិធានការពន្ធគយចូលជាធរមាន។

ទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា ការនាំចូលផលិតផលដែករបស់សហរដ្ឋអាមេរិកពីប្រទេសកាណាដានិងម៉ិកស៊ិក បានកើនឡើងក្នុងខែមករាច្រើនជាង ៣២ភាគរយធៀបនឹងខែធ្នូដល់ជិត ១,២លានតោន។

ក្រុមហ៊ុន Rystad Energy ព្យាករថា ពន្ធគយនឹងបង្កើនថ្លៃដែកបំពុង OCTG ចំនួន ១៥ភាគរយធៀបនឹងឆ្នាំមុន។ តម្លៃដែករមូរក្ដៅ HRC របស់សហរដ្ឋអាមេរិកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៨៩០ដុល្លារក្នុងមួយតោនខ្នាតអាមេរិក (ប្រហែល ៩០៧គីឡូក្រាម) ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើង ១៥ភាគរយធៀបនឹងតម្លៃមធ្យមកាលពីឆ្នាំមុន នេះបើយោងតាមអ្នកវិភាគ Ali Oktay មកពីក្រុមហ៊ុន S&P Global Commodity Insights។

លោក Mark Chapman អ្នកវិភាគមកពីក្រុមហ៊ុន OFS Intelligence ប្រាប់រ៉យទ័រថា៖ «វាប្រហែលជានឹងកាន់តែពិបាកសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មនៅឆ្នាំ២០២៥ ក្នុងការរក្សាកម្រិតសកម្មភាព និងតម្លៃរបស់ពួកគេ»

លោក Chapman មើលឃើញថា ការចំណាយកើនឡើងសម្រាប់ក្រុមហ៊ុន Halliburton ក៏ដូចជាក្រុមហ៊ុន NOV និងក្រុមហ៊ុន Tenaris ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បំពង់ដែកសំខាន់ៗដល់ឧស្សាហកម្មប្រេង៕