Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារីមិនបិទតែមប្រិ៍អាករត្រឹមត្រូវ នៅលើទីផ្សារបានថយចុះ តែមិនទាន់បាត់ទាំងស្រុង ចាំបាច់ត្រូវមានវិធានការបង្ក្រាប

11-03-2025 08:32

(ភ្នំពេញ)៖ ក្រុមការងារចម្រុះតែមប្រិ៍របស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ បានសង្កេតឃើញថា បារីដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ នៅលើទីផ្សារ បានថយចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅមិនទាន់បាត់ ទាំងស្រុងនៅឡើយទេ ដែលចាំបាច់ត្រូវ មានវិធានការបង្ក្រាប ដើម្បីទប់ស្កាត់ការខាតបង់ចំណូលពន្ធ និងលើកកម្ពស់បរិយាកាស ប្រកួតប្រជែងដោយស្មើភាព។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ (អពដ) ក្នុងកិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យកាតព្វកិច្ច បិទតែមប្រិ៍អាករប្រភេទថ្មី សម្រាប់បារី (ក្រុមការងារចម្រុះតែមប្រិ៍) នាពេលថ្មីៗនេះ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីការរៀបចំផែនការសកម្មភាព និងនីតិវិធីត្រូវអនុវត្តបន្ត លើកិច្ចការចុះត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មី សម្រាប់បារី។

កិច្ចប្រជុំពិភាក្សា បានសម្រេចដាក់ចេញនូវផែនការ សកម្មភាព និងទិសដៅអនុវត្តបន្តយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត តាមរយៈការចុះបង្ក្រាប ដោយមិនលើកលែង ចំពោះទីតាំងរោងចក្រ ផលិត អ្នកនាំចូល អ្នកចែកចាយ និងឃ្លាំងស្តុកបារី ដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ ឬបិទតែមប្រិ៍អាករក្លែងក្លាយ ឬតែមប្រិ៍អាករដែលប្រើប្រាស់រួចនៅទូទាំងប្រទេស។

ក្នុងយុទ្ធនាការនេះ ដោយរឹបអូសបារី ដែលមិនស្របច្បាប់ទាំងនោះ ផាកពិន័យ និងប្តឹងទៅតុលាការ ព្រមទាំងចាត់វិធានការផ្សេងៗទៀត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

គួររំលឹកផងដែរថា ក្នុងគោលដៅពង្រឹងការយល់ដឹង អំពីកាតព្វកិច្ចបិទតែមន្ត្រីអាករ សម្រាប់បារីឈានដល់ការបញ្ឈប់ការផលិត នាំចូល ចែកចាយ ឬលក់បារី ដែលមិនមានបិទ តែមប្រិ៍អាករត្រឹមត្រូវ ដែលត្រូវចាត់ទុកជាបារីខុសច្បាប់ កន្លងទៅ ក្រុមការងារចម្រុះតែមប្រិ៍ បានអនុវត្តវិធានការទន់ភ្លន់ជាបន្តបន្ទាប់ដូចជា៖

* រៀបចំសិក្ខាសាលាផ្សព្វផ្សាយដោយផ្ទាល់ ជូនដល់សហគ្រាសផលិត នាំចូល និងចែកចាយបារី ក៏ដូចជាផ្សព្វផ្សាយតាមរយៈកម្មវិធីពន្ធដារកម្ពុជា ដែលផ្សាយផ្ទាល់ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ របស់ អពដ ជាច្រើនលើក

* ចុះអប់រំណែនាំ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយ អំពីកាតព្វកិច្ចបិទតែមប្រិ៍អាករ លើកញ្ចប់បារីដោយផ្ទាល់ ដល់អ្នកចែកចាយ អ្នកលក់ដុំ និងរាយ នៅតាមទីផ្សារ និងអាជីវកម្មដ្ឋាននានា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សរុបចំនួន ២,២៣២ទីតាំង៕