(ភ្នំពេញ)៖ មនុស្សគ្រប់គ្នាសុទ្ធចង់ទទួលបានកម្រៃ ឬផលចំណេញពីការវិនិយោគទុនឲ្យបានច្រើន ហេតុដូច្នេះហើយទើបមនុស្សម្នាក់ៗ ជាពិសេសអ្នកដែលមានលុយសល់ច្រើន តែងរិះរកវិធីផ្សេងៗដើម្បីបណ្តាក់ទុនវិនិយោគ។

តែយ៉ាងនេះក្តី អ្នកវិនិយោគត្រូវដឹងថា គ្រប់ការវិនិយោគទាំងអស់សុទ្ធមានហានិភ័យនៃការខាតបង់ ពោលការវិនិយោគដែលមានផលចំណេញខ្ពស់ នោះហានិភ័យក៏ខ្ពស់ ប៉ុន្តែបើសិនជាការវិនិយោគមានហានិភ័យតិច នោះផលចំណេញដែលទទួលបានក៏តិចដែរ។ ហេតុនេះហើយមុននឹងបណ្តាក់ទុនវិនិយោគទៅលើអ្វីមួយអ្នកវិនិយោគ ត្រូវវិភាគហានិភ័យ និងគ្រប់គ្រងវាឱ្យបាន នោះនឹងទទួលបានផលចំណេញខ្ពស់។

ចំពោះការជ្រើសរើសវិធីនៃការវិនិយោគនេះ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាន និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន វើលប្រ៊ីដគ្រុប (WorldBridge Goup) បានកត់សម្គាល់ថា  អ្នកខ្លះដែលមានលុយច្រើន បានយកលុយទៅដាក់ធនាគារ ដើម្បីទទួលបានការប្រាក់ ហើយហានិភ័យក៏ទាប តែមិនអាចធ្វើឱ្យយើងមានបាននោះទេ។ មានវិធីច្រើនណាស់ ដែលយើងអាចវិនិយោគបាន ក្រៅពីការយកលុយផ្ញើនៅធនាគារ ដើម្បីទទួលបានប្រាក់ចំណេញមកវិញ។

លើកឡើងនៅក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ និងរាត្រីស្រមោលស របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា កាលពីពេលថ្មីៗនេះ លោកបានលើកឡើងថា សម្រាប់អ្នកនៅសល់លុយតែមិនដឹងយកទៅធ្វើវិនិយោគទៅលើអ្វី អាចពិចារណាលើការវិនិយោគលើវិស័យទាំងនេះបាន៖

ទី១. ទីផ្សារហ៊ុន៖ ក្នុងផ្សារហ៊ុនត្រូវបានបែបចែកជាពីរ គឺ Value stock និង Growth Stock។ ប្រសិន បើចង់បានចំណេញដោយមានហានិភ័យទាបអាចទិញ Value stock ដើម្បីទទួលបានអត្រាការប្រាក់។ ប៉ុន្តែប្រសិនបើចង់ឱ្យការវិនិយោគទទួលបានផលចំណេញច្រើន គឺវិនិយោគទៅលើ Growth Stock ប៉ុន្តែវាមានហានិភ័យខ្ពស់ ទាល់តែយើងចេះវិភាគ នោះទើបអាចគ្រប់គ្រងទៅលើហានិភ័យបាន។ ទន្ទឹមគ្នានេះ យើងក៏អាចទិញសញ្ញាបណ្ណរដ្ឋ ដែលគ្មានហានិភ័យផងដែរ។

ទី២.អចលនទ្រព្យ៖ ក្រៅពីការទិញលក់ផ្ទះ យើងនូវមានវិធីច្រើនទៀត ដែលអាចវិនិយោគក្នុងវិស័យនេះឱ្យបានផងចំណេញ។

ទី៣. មាស៖ អ្នកឧកញ៉ា សៀ ឬទ្ធី បានលើកឡើងថា បើមើលពីប្រវត្តិនៃតម្លៃមាស ឃើញថា ក្នុងរយៈពេល១០ឆ្នាំ មាសឡើងថ្លៃជាបន្តបន្ទាប់។ នៅពេលដែលក្រដាសប្រាក់ចុះថោក មាសតែងតែឡើងថ្លៃជានិច្ច។ ដូច្នេះហើយ ការទិញមាស ផ្លាកទិន ប្រាក់ សុទ្ធតែវត្ថុដែលយើងអាចជួញដូរបាន ហើយទទួលបានផលចំណេញ។

ទី៤. វត្ថុធាតុដើមឧស្សាហកម្ម៖ ការវិនិយោគទៅលើការទិញ វត្ថុធាតុដើមឧស្សាហកម្មក៏ទទួលបានផលចំណេញច្រើនដែរ។ លោកសង្កេតឃើញថា ការទិញ ឬការវិនិយោគទៅលើ វត្ថុធាតុដើម គឺមិនដែលចេះខាតនោះទេ ហើយវាតែងតែមានកំណើន ១០ឆ្នាំម្តង។

ទី៥.ការទិញលុយទុក៖ ការវិនិយោគទៅលើការទិញលុយ ក៏ទទួលបានផលចំណេញដែរ។ ប៉ុន្តែត្រូវចេះជ្រើសរើសប្រភេទរូបិយបណ្ណ។ ឧទាហរណ៍ លុយស្វីស គឺជាប្រភេទលុយដែលមិនដែលចេះធ្លាក់ចុះនោះទេ ដោយសារអ្នកប្រើប្រាស់មានទំនុកចិត្ត ជាពិសេសនៅពេលដែលពិភពលោក ជួបវិបត្តិលុយស្វីសតែងតែឡើងចុះ។ បន្ទាប់ពីលុយស្វីស គឺលុយផោន និងលុយយ័នរបស់ចិន។

ទី៦. វត្ថុចាស់ៗ ៖ ដូចជាឡានចាស់ៗ ដែលជា Collection។ ភាគច្រើនគឺគេមើលរំលង ប៉ុន្តែវាអាចផ្តល់ផលចំណេញខ្ពស់ផងដែរ ព្រោះវាជារបស់កម្រ ដែលយើងអាចវាយតម្លៃបាន៕