(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់អំពីស្ថានភាពតម្លៃគ្រាប់ស្វាយចន្ទីឆៅ បន្ទាប់ពីនាពេលថ្មីៗនេះ មានការដកស្រង់សម្ដីរបស់ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ថាបច្ចុប្បន្ននេះតម្លៃគ្រាប់ស្វាយចន្ទីឆៅមានការធ្លាក់ចុះជាគំហុក បង្កើតឱ្យមានការភ័ន្តច្រឡំ។

លោកបានបញ្ជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីឆៅតែងមានការខុសប្លែកគ្នាតាមរដូវ នៅដើមរដូវ និងនៅពេលរដូវប្រមូលផលច្រើន។ លោកបានបន្តថា នេះគ្រាន់តែជាការប្រែប្រួលតម្លៃតាមនិន្នាការធម្មតា តែងតែកើតមានឡើងជារៀងរាល់ឆ្នាំតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងកសិកម្មបានបន្តថា បើយើងប្រៀបធៀបតម្លៃគ្រាប់ស្វាយចន្ទីឆៅក្នុងខែមីនា ឆ្នាំ២០២៥ ទៅនឹងតម្លៃកាលពីក្នុងខែមីនា ឆ្នាំ២០២៤ ឃើញថាឆ្នាំនេះនៅមានតម្លៃល្អជាងនៅឡើយ។

ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់បន្ថែមថា ស្ថានភាពតម្លៃប្រែប្រួលមិនមែនកើតឡើង ដោយសារការក្រឡុកតម្លៃពីឈ្មួញនោះទេ ខណៈដែលក្រសួងកសិកម្មបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតម្លៃកសិផលសំខាន់ៗ។

លោកបានបន្ថែមថា ប្រសិនជាតម្លៃគ្រាប់ស្វាយចន្ទីឆៅមានការប្រែប្រួលខ្លាំងមែននោះ ក្រសួងនឹងធ្វើអន្តរាគមន៍ភ្លាមៗ។

ជាថ្មីម្ដងទៀត អ្នកនាំពាក្យរូបនេះ បានស្នើសុំឱ្យមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងទីផ្សារគ្រាប់ស្វាយចន្ទីឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ដើម្បីផ្ដល់ទិន្នន័យពិតប្រាកដជូនទៅសាធារណជន និងប្រជាពលរដ្ឋដែលជាកិសករ ចៀសវាងធ្វើឱ្យមានការភ័ន្តច្រឡំណាមួយ៕