(វ៉ាស៊ីនតោន)៖ មូលនិធិ IMF បានព្រមានថា ប្រទេសកាណាដានិងម៉ិកស៊ិក មានភាពងាយរងគ្រោះទៅនឹង «ផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ» ប្រសិនបើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រក្សាការយកពន្ធលើប្រទេសទាំងពីរដោយសារភាពពឹងផ្អែករបស់ពួកគេលើទីផ្សារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកស្រី Julie Kozack អ្នកនាំពាក្យមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ខណៈថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការរបស់លោក ត្រាំ ក្នុងការប្រើប្រាស់ពន្ធគយលើដៃគូពាណិជ្ជកម្មជិតស្និទ្ធបំផុតរបស់ខ្លួន រួមទាំងប្រទេសចិន និងប្រទេសដទៃទៀត កំពុងបង្កឱ្យមានការប្រែប្រួលផ្នែកហិរញ្ញវត្ថុ និងភាពមិនប្រាកដប្រជាទូទាំងសកលលោក។

ការចាត់វិធានការដកហូតពន្ធគយពីសំណាក់រដ្ឋាភិបាលរបស់លោក ត្រាំ ទៅលើប្រទេសជាដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិក ត្រូវបានពន្យារពេលវិញ ខណៈដែលប្រធានាធិបតីរូបនេះបើកទ្វារចំហសម្រាប់ការចរចាបន្ថែមស្របពេលដែលបង្កើតឱ្យមានភាពច្របូកច្របល់ក្នុងចំណោមវិនិយោគិន និងក្រុមហ៊ុននាំចូល។

អ្នកស្រី Kozack បានបន្ថែមថា ភាពមិនច្បាស់លាស់នោះក៏អាចមានផលប៉ះពាល់អវិជ្ជមានផងដែរ ដោយសារថា ការដែលនៅតែកើតមានរយៈពេលនៃភាពមិនប្រាកដប្រជា អាចនាំឱ្យពលរដ្ឋ និងក្រុមហ៊ុនមិនចំណាយប្រាក់នៅក្នុងសកម្មភាពសេដ្ឋកិច្ច។

មូលនិធិ IMF គ្រោងនឹងផ្តល់ការវិភាគពេញលេញអំពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នៅពេលដែលចេញផ្សាយរបាយការណ៍ស្តីពីបច្ចុប្បន្នភាពចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួននៅក្នុងខែមេសា នៅពេលដែលមូលនិធិនេះនឹងធ្វើជាម្ចាស់ផ្ទះជួបប្រជុំក្រុមអ្នកបង្កើតគោលនយោបាយមកពីជុំវិញពិភពលោកសម្រាប់កិច្ចប្រជុំនិទាឃរដូវរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន។

អ្នកស្រី Kozack បានថ្លែងថា៖ «ប្រសិនភាពប្រាកដប្រជានៅតែកើតមាន ផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិកលើប្រទេសកាណាដា និងម៉ិកស៊ិក អាចត្រូវបានរំពឹងថានឹងមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើប្រទេសទាំងនោះ ដោយសារការធ្វើសមាហរណកម្មនិងការប្រឈមយ៉ាងខ្លាំងរបស់ពួកគេទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg៕