(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុង «ពិចារណាយ៉ាងមុតមាំ» អំពីការដាក់ទណ្ឌកម្មថ្មីលើធនាគារនិងដកហូតពន្ធគយលើប្រទេសរុស្ស៊ីជុំវិញការវាយប្រហារជាបន្តរបស់ប្រទេសនេះលើអ៊ុយក្រែន ដែលបង្កើនសម្ពាធមុនពេលមានការចរចាដែលរំពឹងថានឹងធ្វើឡើងដើម្បីបញ្ចប់ជម្លោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ត្រាំ ខណៈសរសេរបណ្តាញសង្គម Truth Social ថា៖ «ដោយផ្អែកលើការពិតដែលថា ប្រទេសរុស្ស៊ីកំពុង “វាយលុក” អ៊ុយក្រែនយ៉ាងពិតប្រាកដនៅក្នុងសមរភូមិនាពេលនេះ ខ្ញុំកំពុងពិចារណាយ៉ាងមុតមាំអំពីការដាក់ទណ្ឌកម្មលើធនាគារ ការដាក់ទណ្ឌកម្មនានា និងដកហូតពន្ធលើប្រទេសរុស្ស៊ី រហូតទាល់តែសម្រេចបានការបញ្ឈប់ការបាញ់ និងកិច្ចព្រមព្រៀងដំណោះស្រាយចុងក្រោយស្តីពីសន្តិភាព»

លោកប្រធានាធីបតីបានបន្ថែមថា៖ «ចំពោះរុស្ស៊ី និងអ៊ុយក្រែន សូមចូលតុចរចាឥឡូវនេះមុនពេលវាយឺតពេល។ សូមអរគុណ!!!»

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិលលោក Scott Bessent បាននិយាយមុននេះថា សហរដ្ឋអាមេរិកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការដាក់ទណ្ឌកម្មលើថាមពលរបស់រុស្ស៊ីប្រសិនបើវាជួយនាំទៅរកបទឈប់បាញ់ក្នុងសង្គ្រាមអ៊ុយក្រែន។

សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើសេដ្ឋកិច្ចរបស់រុស្ស៊ី រួមទាំងធនាគាររបស់ប្រទេសនេះផងដែរជុំវិញការឈ្លានពេញទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែនកាលពីជាងបីឆ្នាំមុន។ នេះបើយោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕