(ម៉ិកស៊ិក)៖ ប្រធានាធិបតីម៉ិកស៊ិកអ្នកស្រី Claudia Sheinbaum បាននិយាយថា ប្រទេសរបស់អ្នកស្រីនឹងពិនិត្យមើលឡើងវិញនូវពន្ធគយលើទំនិញនាំចូលពីប្រទេសចិន ពោលគឺជាវិធានការមួយដែលអាចផ្តល់ឱ្យរដ្ឋាភិបាល របស់លោក ដូណាល់ ត្រាំ នូវជ័យជំនះក្នុងការជំរុញឱ្យមានការបង្កើត «បន្ទាយអាមេរិកខាងជើង» ដែលរារាំងលំហូរចូលទំនិញរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
អ្នកស្រី Sheinbaum ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងត្រូវពិនិត្យមើលឡើងវិញនូវពន្ធគយដែលយើងមានជាមួយប្រទេសចិន»។
អ្នកស្រីបានចង្អុលបង្ហាញទៅកាន់បញ្ហារបស់ប្រទេសម៉ិកស៊ិកក្នុងវិស័យវាយនភណ្ឌ និងផលិតស្បែកជើង ដោយនិយាយថា៖ «ការហូតចូលផលិតផលចិនជាច្រើនទៅម៉ិកស៊ិកបានធ្វើឱ្យឧស្សាហកម្មនេះធ្លាក់ចុះក្នុងប្រទេសរបស់យើង»។
ការអត្ថាធិប្បាយរបស់អ្នកស្រីបានកើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្តល់ការបន្ធូរបន្ថយដ៏សំខាន់មួយដល់ប្រទេសម៉ិកស៊ិក និងកាណាដា ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិកតាមរយៈការលើកលែងពន្ធគយលើទំនិញដែលនាំចូលពីប្រទេសទាំងពីរដែលអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើងឬហៅថា USMCA ពីវិធានការពន្ធគយ ២៥% របស់គាត់។
ក្រុមហ៊ុនចិនបានផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសម៉ិកស៊ិក ហើយបាននាំចេញទំនិញឆ្លងកាត់ម៉ិកស៊ិកទៅកាន់ទឹកដីអាមេរិកចាប់តាំងពីលោក ត្រាំ បានវាយប្រហារផ្នែកពន្ធគយទៅលើប្រទេសអាស៊ីមួយនេះនៅក្នុងអាណត្តិដំបូងរបស់គាត់។ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បាននិយាយថា ម៉ិកស៊ិកបានស្នើឱ្យមានការយកពន្ធក្នុងអត្រាដូចគ្នាទៅនឹងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើទំនិញរបស់ប្រទេសចិន និងបានជំរុញឱ្យប្រទេសកាណាដាអនុវត្តដូចគ្នាផងដែរ។
លោក Bessent បានថ្លែងថា៖ «ខ្ញុំគិតថា វានឹងជាកាយវិការដ៏ល្អប្រសិនបើកាណាដាធ្វើវាដែរ ដូច្នេះយើងអាចមាន «បន្ទាយអាមេរិកខាងជើង» ដើម្បីទប់ស្កាត់ជំនន់នៃការនាំចូលទំនិញរបស់ប្រទេសចិន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕