(បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ថៃកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌានិងវៀតណាម ដើម្បីស្វែងរកមធ្យោបាយដោះស្រាយការធ្លាក់ចុះតម្លៃស្រូវក្នុងគ្រាកសិករក្នុងស្រុកធ្វើការតវ៉ាដោយអំពាវនាវឱ្យមានការគាំទ្របន្ថែមពីរដ្ឋាភិបាល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោករដ្ឋមន្ត្រី Pichai Naripthaphan បានប្រាប់សភាថៃថា ប្រទេសថៃកំពុងពិភាក្សាជាមួយប្រទេសទាំងពីរដើម្បីកាត់បន្ថយការប្រកួតប្រជែងដោយសង្ឃឹមថានឹងបង្កើតតុល្យភាពតម្លៃស្រូវនៅក្នុងទីផ្សារពិភពលោក និងជួយកសិករឱ្យទទួលបានប្រាក់ចំណូលប្រកបដោយស្ថិរភាព។
លោក Pichai ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈនិយាយអំពីកិច្ចពិភាក្សាជាមួយឥណ្ឌានិងវៀតណាមថា៖ «យើងបានពិភាក្សារួចហើយ ប៉ុន្តែយើងកំពុងរង់ចាំកិច្ចប្រជុំមួយទៀត ដើម្បីពិនិត្យមើលថាតើយើងអាចធ្វើការងារបានប៉ុន្មានអំពីរឿងនេះ»។
យោងតាមក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា តម្លៃស្រូវក្នុងប្រទេសថៃបានធ្លាក់ចុះ ៣០ភាគរយកាលពីខែមុនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅកម្រិតជាមធ្យមប្រហែល ៨ ៦០០បាត (២៥៥ ដុល្លារ) ក្នុងមួយតោន។ កសិករកំពុងអំពាវនាវឱ្យរដ្ឋាភិបាលថៃជួយលក់ស្រូវឱ្យបានតម្លៃខ្ពស់។
ថៃដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីរក្នុងពិភពលោក ទំនងជានឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការនាំចេញអង្ករឡើងវិញពីសំណាក់ប្រទេសឥណ្ឌា ដោយក្រសួងពាណិជ្ជកម្មថៃរំពឹងថា ការនាំចេញអង្ករនឹងធ្លាក់ចុះ ២៤% នៅឆ្នាំនេះមកនៅត្រឹម ៧,៥លានតោន។ វៀតណាមគឺជាប្រទេសនាំចេញអង្កច្រើនជាងទី៣ ក្នុងពិភពលោកកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕