(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្ដរជាតិតេជោ ពុំមានប្រើប្រាស់ជំនួយ របស់ប្រទេសណាមួយនោះទេ គឺជាការសាងសង់ដោយថវិកាក្រុមហ៊ុនវិនិយោគក្នុងស្រុក ហើយក៏កុំច្រឡំថា ជាជំនួយរបស់ចិន។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ទិសដៅនៃការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់ ភាគច្រើន គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ យើងប្រើប្រាស់រូបភាពច្រើន តាមរយៈជំនួយ តាមរយៈប្រាក់កម្ចី និងតាមរយៈ ការចូលរួមរបស់រាជរដ្ឋាភិបាល ដោយឡែក សម្រាប់គម្រោងអាកាសយានដ្ឋានអន្ដរជាតិតេជោ ពុំមានជំនួយបរទេសណាទេ»។
លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា គម្រោងអាកាសយានដ្ឋានអន្ដរជាតិតេជោ គឺជាស្នាដៃរបស់អ្នកវិនិយោគិនខ្មែរសុទ្ធសាធ ដោយក្រុមហ៊ុន OCIC សហការជាមួយរាជរដ្ឋាភិបាល ដែលមានរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាភាគហ៊ុនិក។
សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ក្រោមទឹកប្រាក់វិនិយោគ ១៥០០ លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០%។
អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕