(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៉ីវិល បានថ្លែងឆ្លើយតបជាមួយនឹងការលើកឡើងថា វិស័យទេសចរណ៍កម្ពុជា ពឹងផ្អែកលើប្រទេសជិតខាង នេះជាការពិតព្រោះថា នេះជាទីផ្សារមួយ ដែលជះកំណើនមក ប្រសិនបើប្រទេសណាមួយមានកំណើន ប្រទេសយើងក៏មានកំណើនដែរ ទោះបីភ្ញៀវទេសចរមកដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី។
លោកថា និយាយបែបនេះមិនមែនមានន័យថា កម្ពុជាខ្ចីដង្ហើមគេដកនោះទេ តែវាបានមកដោយការអាស្រ័យ លើការខិតខំប្រឹងប្រែងរបស់កម្ពុជាយើងដែរ តាមរយៈការផ្សព្វផ្សាយនានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។
ការលើកឡើងរបស់លោក ស៊ីន ចាន់ សិរីវុត្ថា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ទិសដៅនៃការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា»។
លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា «ជាការពិតយើងទទួលបានកំណើនពីបណ្ដាប្រទេសជិតខាងមែនមិនថា ទេសចរណ៍ដោយប្រយោល ឬទេសចរណ៍មកដោយផ្ទាល់នោះទេ មានន័យថា ប្រសិនបើប្រទេសជិតខាងទទួលបានភ្ញៀវទេសចរ១លាននាក់ ក្នុងនោះនឹងជះកំណើនមកប្រទេសកម្ពុជាយើងប្រមាណ២០-៣០ភាគរយ ប៉ុន្ដែនិយាយបែបនេះមិនមែនមាន័យថា យើងខ្ចី ឬពឹងផ្អែកលើដង្ហើមរបស់អ្នកដទៃដកនោះទេ ក្នុងនោះយើងបានខិតខំជាខ្លាំងក្នុងការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ»។
លោកបានបន្ដថា ជាក់ស្ដែងក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា តាមរយៈវេទិកាទេសចរណ៍ពិភពលោកជាដើម ក្នុងនោះក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ទាំងអស់ បានចូលរួមផងដែរ ក្នុងការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ ដូច្នេះដើម្បីភាពរីកចម្រើនយើងក៏អាស្រ័យលើប្រទេសជិតខាងនេះជារឿងធម្មតាមួយ ព្រោះថា ការវិវត្តសេដ្ឋកិច្ច ការវិវត្តលើវិស័យទេសចរណ៍ គឺខុសៗគ្នា ដូច្នេះមិនអាចប្រៀបធៀបប្រទេសណាមួយ ជាមួយប្រទេសណាមួយឡើយ។
លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងបន្ដថា ប៉ុន្ដែយើងទទួលស្គាល់ថា កំណើននៃប្រទេសនីមួយៗ បានធ្វើឲ្យប្រទេសកម្ពុជាយើងមានកំណើនផងដែរ នេះជារឿងពិតដោយមិនអាចជៀសផុតឡើយ ប៉ុន្ដែទន្ទឹមនឹងគេមកកម្ពុជាក៏មានការរួមចំណែកជាខ្លាំងនៃការខំប្រឹងប្រែងរបស់កម្ពុជាផងដែរ៕