(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៉ីវិល បានថ្លែងឲ្យដឹងថា ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិថ្មីៗ របស់កម្ពុជា បង្ហាញពីការត្រៀមខ្លួនរួចជាស្រេច សម្រាប់វិស័យអាកាសចរស៉ីវិល ក្នុងការសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០៕
ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ទិសដៅនៃការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា»។
លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា ជាការពិតរាល់ការសាងសង់អ្វីមួយ តែងតែមានការព្យាករណ៍ទុកអំពីតម្រូវការ ចំពោះអាកាសយានដ្ឋានរបស់យើងបានរៀបចំឡើងដល់ 4F (អាកាសយានដ្ឋានតេជោ) ដោយសារតែយើងត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ដើម្បីទទួលភ្ញៀវទេសចរចន្លោះពី១៣-១៥លាននាក់ និងឆ្នាំ២០៥០ យ៉ាងហោចណាស់យើងទទួលភ្ញៀវទេសចរ បានប្រមាណ៥០លាននាក់ និងមានកំណើនជាបន្ដន្ទាប់នាឆ្នាំខាងមុខ។
លោកបានបន្ថែមថា ដូច្នេះហើយបានជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំផែនការត្រូវបានគ្រោងទុកនូវទំហំដី និងទំហំហេដ្ឋារចនាសម្ព័ន្ធដែលបានរចនាឡើង ដោយអាចពង្រឹង និងពង្រីកខ្លួន ស្របតាមកំណើននៃភ្ញៀវទេសចរចេញ-ចូល តាមផ្លូវអាកាសនេះ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះការអភិវឌ្ឍអាកាសយានដ្ឋានទាំង២ (ភ្នំពេញ និងសៀមរាប) បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលបាននូវកំណើនភ្ញៀវទេសចរដល់ឆ្នាំ២០៥០៕