(វ៉ាស៊ីនតោន)៖ ឱនភាពពាណិជ្ជកម្មរបស់អាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយ នៅក្នុងខែមករា ខណៈដែលក្រុមហ៊ុននានា បានព្យាយាមទិញទំនិញពីក្រៅប្រទេសយកមកស្តុកទុកមុន ពេលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកហូតពន្ធគយ លើប្រទេសជាដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ឱនភាពពាណិជ្ជកម្មទំនិញនិងសេវាកម្មបានកើនឡើង ៣៤% នៅខែមករាធៀបនឹងខែធ្នូដល់ ១៣១,៤ពាន់លានដុល្លារ។ ឱនភាពនេះមានទំហំធំច្រើនជាងរាល់ការព្យាករទាំងអស់ លើកលែងតែការព្យាកររបស់ក្រុមសេដ្ឋវិទូ នៅក្នុងការស្ទង់មតិដែលធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មាន Bloomberg។
តម្លៃនាំចូលបានកើនឡើង ១០% ដល់ចំនួន ៤០១,២ពាន់លានដុល្លារ ខណៈដែលការនាំចេញកើនឡើង ១,២%។ តួលេខនេះមិនត្រូវបានកែតម្រូវតាមអតិផរណាទេ។
លោក ត្រាំ បានសន្យាថានឹងដំឡើងពន្ធ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ហើយកាលពីថ្ងៃអង្គារគាត់បានចាប់ផ្តើមដកហូតពន្ធ ២៥% លើទំនិញនាំចូលពីប្រទេសកាណាដានិងម៉ិកស៊ិក ខណៈពេលដែលដំឡើងពន្ធទ្វេដងលើទំនិញរបស់ចិនដល់ ២០%។ ប្រទេសកាណាដានិងចិនបានប្រកាសវិធានការសងសឹកភ្លាមៗ ហើយម៉ិកស៊ិកនឹងចាត់វិធានការឆ្លើយតបនៅថ្ងៃអាទិត្យ។
លោក ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកនឹងលើកលែងពន្ធលើក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសម៉ិកស៊ិក និងកាណាដារយៈពេលមួយខែបន្ទាប់ពីមានការអង្វរពីក្រុមថ្នាក់ដឹកនាំឧស្សាហកម្មរថយន្ត។ ប៉ុន្តែនាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ឌ្រូដូ មិនបញ្ចប់វិធានការពន្ធសងសឹកទេ ប្រសិនបើលោក ត្រាំ រក្សាទុកពន្ធណាមួយលើប្រទេសកាណាដា។ ទីភ្នាក់ងារព័ត៌មាន Bloomberg៕