(ញូវដែលី)៖ ក្រុមហ៊ុននាំចេញទំនិញវិស្វកម្មខ្នាតតូច របស់ឥណ្ឌាបានជំរុញឱ្យរដ្ឋាភិបាលកាត់បន្ថយពន្ធនាំចូល លើទំនិញអាមេរិកមួយចំនួន ដើម្បីព្យាយាម និងសម្រេចបានលក្ខខណ្ឌពាណិជ្ជកម្ម អំណោយផលបន្ថែមទៀត ខណៈប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀមអនុវត្តពន្ធគយថ្មី ទៅលើដែកនិងអាលុយមីញ៉ូម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ពន្ធគយ ២៥ភាគរយរបស់សហរដ្ឋអាមេរិក លើការនាំចូលដែក និងអាលុយមីញ៉ូម ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១២ ខែមីនាតទៅបានបង្កើនការព្រួយបារម្ភ ក្នុងចំណោមក្រុមហ៊ុននាំចេញរបស់ប្រទេសឥណ្ឌា អំពីការធ្លាក់ចុះការបញ្ជាទិញ និងការកើនឡើងថ្លៃដើម។

លោក Pankaj Chadha ប្រធានក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្ម (EEPC) ដែលតំណាងឱ្យក្រុមហ៊ុននាំចេញខ្នាតតូចជាង ១ម៉ឺនក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ក្នុងចំណោមការនាំចេញទំនិញវិស្វកម្មប្រចាំឆ្នាំតម្លៃ ២០ពាន់លានដុល្លាររបស់ប្រទេសឥណ្ឌា ការនាំចេញតម្លៃជិត ៧,៥ពាន់លានដុល្លារអាចរងផលប៉ះពាល់»

លោក Chadha បានថ្លែងកាលពីថ្ងៃពុធថា ក្រុមប្រឹក្សា EEPC និងសភាឧស្សាហកម្មផ្សេងទៀត បានជំរុញឱ្យរដ្ឋាភិបាលកាត់បន្ថយពន្ធលើទំនិញអាមេរិកមួយចំនួន ដែលមានបរិមាណនាំចូលតិច។

ពួកគេរំពឹងថា ការទម្លាក់ពន្ធគយនេះអាចជំរុញឱ្យរដ្ឋាភិបាលរបស់លោក ត្រាំ ផ្តល់លក្ខខណ្ឌអំណោយផល និងដំណើរការជាបន្តទៀត ដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលបានស្នើឡើង។ លោក ត្រាំ បានចាត់ទុកប្រទេសឥណ្ឌាថា ជាប្រទេសដែលមានពន្ធគយខ្ពស់ ហើយបានព្រមានចាត់វិធានការ «ពន្ធតបត» ចាប់ពីដើមខែមេសាទៅ។

ការនាំចេញទំនិញវិស្វកម្មសកលរបស់ឥណ្ឌា ដែលស្មើនឹងមួយភាគបួននៃការនាំចេញទំនិញសរុបបានកើនឡើងដល់ ៩,៤២ពាន់លានដុល្លារក្នុងខែមករាពោល គឺកើនឡើងពី ៨,៧៧ពាន់លានដុល្លារក្នុងខែមករាឆ្នាំមុន ទោះបីជាទាបជាងខែធ្នូដែលមានចំនួន ១០,៨៤ពាន់លានដុល្លារក៏ដោយ។

ទិន្នន័យរបស់ក្រុមប្រឹក្សា EEPC បានបង្ហាញថា ការនាំចេញសរុបក្នុងអំឡុងពីខែមេសាដល់ខែមករា បានកើនឡើង ៩,៨២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៩៦,៧៥ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕