(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើ បញ្ជាប្រតិបត្តិដើម្បីបង្កើតប្រាក់បម្រុង bitcoin យុទ្ធសាស្ត្រ ដែលការណ៍នេះបានកើតមានឡើងមួយថ្ងៃមុនពេលមានជំនួប ជាមួយក្រុមនាយកប្រតិបត្តិ មកពីឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ នៅសេតវិមាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សារបង្ហោះរបស់ទីប្រឹក្សាសេតវិមាន ផ្នែករូបិយប័ណ្ណគ្រីបតូ គឺមហាសេដ្ឋី David Sacks នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គម X ថា ប្រាក់បម្រុងនេះនឹងរួមមានទាំងរូបិយប័ណ្ណគ្រីបតូ bitcoin ដែលកាន់កាប់ដោយរដ្ឋាភិបាលសហព័ន្ធ ដែលត្រូវបានដកហូតជាផ្នែកមួយនៃដំណើរការនីតិវិធីដកហូតទ្រព្យសកម្មព្រហ្មទណ្ឌឬស៊ីវិល។

អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ស្តីពីរូបិយប័ណ្ណគ្រីបតូនៅសេតវិមាននៅថ្ងៃសុក្រសប្តាហ៍នេះរំពឹងថា ព្រឹត្តិការណ៍នេះនឹងដើរតួជាដំណាក់កាលមួយសម្រាប់លោក ត្រាំ ដើម្បីប្រកាសជាផ្លូវការនូវផែនការរបស់គាត់ក្នុងការបង្កើតប្រាក់បម្រុងយុទ្ធសាស្ត្រ ដែលរួមមានរូបិយប័ណ្ណគ្រីបតូ bitcoin និងរូបិយប័ណ្ណគ្រីបតូចំនួនបួនផ្សេងទៀត។

កាលពីដើមសប្តាហ៍នេះ លោក ត្រាំ បានប្រកាសឈ្មោះទ្រព្យសកម្មឌីជីថលចំនួន ៥ ដែលលោករំពឹងថានឹងរួមបញ្ចូលនៅក្នុងប្រាក់បម្រុងនេះ ដែលបង្កឱ្យតម្លៃទីផ្សាររបស់រូបិយប័ណ្ណគ្រីបតូនីមួយៗឡើងថ្លៃខ្លាំង។ រូបិយប័ណ្ណគ្រីបតូទាំងប្រាំនោះរួមមាន Bitcoin, ether, XRP, solana និង cardano។

មិនមានភាពច្បាស់លាស់នោះទេថាតើប្រាក់បម្រុងបែបនេះ នឹងដំណើរការយ៉ាងដូចម្តេច ឬវានឹងផ្តល់អត្ថប្រយោជន៍ ដល់អ្នកបង់ពន្ធយ៉ាងដូចម្តេច។ លោក Sacks បាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតថា រដ្ឋាភិបាលសហព័ន្ធនឹងមានយុទ្ធសាស្រ្តបង្កើនតម្លៃនៃការកាន់កាប់របស់ខ្លួន ទៅលើប្រាក់បម្រុងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕