(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងនៅថ្ងៃព្រហស្បហ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងលើកលែងក្រុមហ៊ុនផលិតរថយន្ត ពីវិធានការដកហូតពន្ធគយ ២៥% លើប្រទេសកាណាដា និងម៉ិកស៊ិករយៈពេលមួយខែ ដរាបណាពួកគេគោរពតាមច្បាប់ពាណិជ្ជកម្មសេរី ដែលមានស្រាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សេតវិមានបានឱ្យដឹងថា លោក ត្រាំ ក៏បើកចំហចំពោះផលិតផលផ្សេងទៀត ដែលគួរតែត្រូវបានលើកលែងពន្ធគយ ដែលបានចូលជាធរមានកាលពីថ្ងៃអង្គារផងដែរ។
ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនបានលុបចោលសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសកាណាដា និងម៉ិកស៊ិកទេ ខណៈដែលលោកដាក់សម្ពាធលើប្រទេសទាំងពីរ ឱ្យទប់ស្កាត់ការជួញដូរថ្នាំញៀនហ្វែនតាណុល។ បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ឌ្រូដូ រួចមក លោក ត្រាំ បាននិយាយថា លោកមិនជឿថា ស្ថានភាពបានប្រសើរឡើងនោះទេ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា លោក ត្រាំ បានសរសេរនៅលើវេទិកាបណ្តាញសង្គម Truth Social របស់គាត់ថា៖ «គាត់បាននិយាយថា វាប្រសើរជាងមុន ប៉ុន្តែខ្ញុំបាននិយាយថា វាមិនល្អគ្រប់គ្រាន់ទេ»។ លោកបានបន្ថែមថា៖ «ការសន្ទនាតាមទូរសព្ទបានបញ្ចប់ក្នុងលក្ខណៈស្និទ្ធស្នាលបន្តិច!»។
ទិន្នន័យរដ្ឋាភិបាលអាមេរិកបានបង្ហាញ មានសារធាតុហ្វែនតាណុលតែ ០,២% នៃសារធាតុសរុបដែលរឹបអូសនៅសហរដ្ឋអាមេរិក ត្រូវបានឆ្លងដែនកាត់ព្រំដែនប្រទេសកាណាដា ខណៈដែលភាគច្រើនមានប្រភពមកពីព្រំដែនភាគខាងត្បូង៕