(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនជប៉ុនចំនួន៤៤ ដែលសម្របសម្រួលដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីពង្រីកអាជីកម្មក្រៅប្រទេសរបស់ខ្លួន​ ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង ៩០បានចុះបញ្ជីវិនិយោគនៅកម្ពុជា។

តំណាងក្រុមហ៊ុនជប៉ុនទាំងនោះ បានជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា រួមមាន លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

ថ្លែងក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោក Kohei Wakabayashi ប្រធានតំណាអង្គការ JETRO បានឱ្យដឹងថា ​​ក្រុមវិនិយោគិនទាំងនេះ មិនត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសថៃ វៀតណាម ចិន និងប្រទេសផ្សេងៗទៀតផងដែរ។

ក្រុមហ៊ុនទាំងនេះ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ហេតុដូច្នេះហើយទើប JETRO រៀបចំជំនួបរវាងពួកគេ​ និងមន្រ្តីជាន់ខ្ពស់ ក៏ដូចជាអ្នកជំនួញនៅកម្ពុជា ​ដើម្បីសិក្សា និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។ ក្នុងពិធីជួបជុំនេះ ក៏មានក្រុមហ៊ុនកម្ពុជាប្រមាណ៤០ក្រុមហ៊ុន បានចូលរួមផងដែរ។

លោកថ្លែងបន្តថា «សង្ឃឹមថាព្រឹត្តិការណ៍ថ្ងៃនេះ នឹងនាំទៅរកឱកាសអាជីវកម្មឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន»។

ក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ ចំពោះ​ប្រតិភូក្រុមហ៊ុនជប៉ុនទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។

លោកបានថ្លែងថា វត្តមានរបស់វិនិយោគិនជប៉ុនទាំងនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគ និងប្រកបធុរកិច្ចនៅកម្ពុជា។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងជប៉ុន​ រាជរដ្ឋាភិបាលកម្ពុជាបានកំពុង ​បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងដោះស្រាយ បញ្ហាប្រឈមនិងកង្វល់នានារបស់វិស័យឯកជន និងជាពិសេសលើកទឹកចិត្តឱ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាឱ្យចំៗដោយបើកចំហរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន និងបន្តជំរុញយន្តការនៃការបង្កើតក្រុមការងារពិសេស ដែលមានតំណាងពីក្រសួង-ស្ថាប័ន ដើម្បីសម្របសម្រួលយ៉ាងជិតស្និតជាមួយ JETRO និងក្រុមហ៊ុនជប៉ុន។ ​

លោកបានលើកឡើងផងដែរថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមក អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការជួយសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុនតាមរយៈការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជាពិព័រណ៍ពាណិជ្ជកម្ម ការបណ្តុះបណ្តាល ទំនាក់ទំនងធុរកិច្ច និងការផ្គូរផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។ ជាសមិទ្ធផល ប្រទេសជប៉ុន បាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី ១,៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដល់ ២.២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានចុះបញ្ជីក្រុមហ៊ុនជប៉ុនប្រមាណ៩០ ក្រុមហ៊ុន ​​កើនឡើង ២០.៥៥% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូល រួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកពង្រឹងភាពប្រកួត ប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរ និងបានបន្តបង្កើនទីតាំង រោងចក្រ និងទីតាំងធុរកិច្ចរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់​៕