(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) និងលោក Chang-Eon Heo ប្រធាន និងជានាយកប្រតិបត្តិ នៃវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ (KIDI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងប្រទេសទាំងពីរ។

ពិធីនេះ បានរៀបចំធ្វើឡើង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងលោក So-Young kim អនុប្រធាននៃគណៈកម្មការសេវាហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ។

អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទពិសោធន៍ ព្រមទាំងជំនាញបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងទាំងក្នុងប្រទេសកូរ៉េ និងកម្ពុជា ក្នុងក្របខណ្ឌ៖

១៖ ការបំពេញទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ
២៖ ការរៀបចំកម្មវិធីផ្សេងៗ រួមមាន សិក្ខាសាលា វេទិកា និងកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យ
៣៖ ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ជាពិសេសលើការគ្រប់គ្រងស្ថិតិធានារ៉ាប់រង និង ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង
៤៖ ការបំពេញកិច្ចការផ្សេងទៀតតាមការព្រមព្រៀងរបស់ភាគីទាំងសងខាង។

ជាសក្ខីភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានការចូលរួមពីគណៈអធិបតី ភ្ញៀវកិត្តិយស ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ពី អគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករ ក្រោមឱវាទ អ.ស.ហ. មន្ត្រីនៃ ន.ធ.ក តំណាងសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រងកម្ពុជា និងតំណាងគ្រឹះស្ថានធានារ៉ាប់រងផងដែរ។

លោក ប៊ូ ច័ន្ទភីរូ បានថ្លែងថា សេវាធានារ៉ាប់រង ត្រូវបានដាក់ឱ្យប្រើនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីចុងទសវត្សរ៍ទី៨០ បន្ទាប់ពីរបបខ្មែរក្រហម។ នៅឆ្នាំ២០០០ ច្បាប់ស្តីពីការធានារ៉ាប់រង ត្រូវបានអនុម័តដោយសភាជាតិ អនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

លោក ប៊ូ ច័ន្ទភីរូ បានបន្ថែមទៀតថា នៅឆ្នាំ២០២១ តួនាទីរបស់និយ័តករធានារ៉ាប់រង ត្រូវបានផ្ទេរឲ្យនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ដោយច្បាប់ស្តីពីការរៀបចំ និងការអនុវត្តន៍ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ទន្ទឹមគ្នានេះ លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងចំនួន៤០ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៨ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតមានចំនួន១៤ក្រុមហ៊ុន ធានារ៉ាប់រងខ្នាតតូចមានចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជក់ថា នៅក្នុងឆ្នាំ២០២៤ ទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បានកើនឡើង៨% ឈានដល់ប្រហែល៣៧០ លានដុល្លារ នៃបុព្វលាភធានារ៉ាប់រងសរុប ដែលមានទ្រព្យសម្បត្តិសរុបជាង១.២ពាន់លានដុល្លារអាមេរិក៕