(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបើកជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់ Turkish Airlines ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា ជាមួយនឹងទិសដៅថ្មីនេះ កម្ពុជានឹងក្លាយជាប្រទេសទី៧ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយទីក្រុងភ្នំពេញនឹងក្លាយជាទីក្រុងទី១១ ក្នុងតំបន់ ដែលបម្រើជើងហោះហើរ ដោយក្រុមហ៊ុនអាកាសចរណ៍តួកគី។
ជាមួយគោលដៅកែលម្អទំនាក់ទំនងពាណិជ្ជកម្មរវាងតួកគី និងកម្ពុជា និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃគោលដៅថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ជើងហោះហើរភ្នំពេញនឹងពង្រីកបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក ទៅកាន់ទីក្រុងចំនួន ២០ និងអាកាសយានដ្ឋានចំនួន ២១។
ផ្លូវហោះហើរថ្មីនេះនឹងផ្តល់ជូនភ្ញៀវរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី នូវភាពងាយស្រួលឆ្ពោះទៅកាន់គោលដៅសំខាន់ៗក្នុងតំបន់។ ក្រុមហ៊ុនអាកាសចរណ៍តួកគី នឹងដំណើរការជើងហោះហើរ ទៅកាន់ទីក្រុងភ្នំពេញតាមរយៈទីក្រុងបាងកក។ តាមកាលវិភាគ ៣ដងក្នុងមួយសប្តាហ៍ ជើងហោះហើរនឹងចេញដំណើរពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់ទីក្រុងភ្នំពេញ នៅរៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ខណៈដែលជើងហោះហើរពីភ្នំពេញ ទៅអ៊ីស្តង់ប៊ូល នឹងដំណើរការនៅរៀងរាល់ថ្ងៃចន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។
លោកសាស្រ្តាចារ្យ Ahmet Bolat ប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍តួកគី បានលើកឡើងថា «ក្នុងនាមជា ក្រុមហ៊ុនអាកាសចរណ៍តួកគី យើងបន្តពង្រីកបណ្តាញរបស់យើងនៅក្នុងតំបន់អាស៊ី និងពង្រឹងការផ្សារភ្ជាប់របស់យើងជាមួយនឹងគោលដៅយុទ្ធសាស្ត្រនៅក្នុងតំបន់។ ការដាក់ឱ្យដំណើរការជើងហោះហើរនៅភ្នំពេញ ជាការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងគោលដៅនេះ។ ជើងហោះហើររបស់យើងមកកាន់ប្រទេសកម្ពុជា នឹងបង្កើតឱកាសថ្មីសម្រាប់ទាំងទេសចរណ៍ និងអាជីវកម្ម។ លើសពីនេះ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ ដែលហោះហើរទៅកាន់គោលដៅនេះ យើងនឹងពង្រឹងភាពជាអ្នកដឹកនាំរបស់យើងបន្ថែមទៀតនៅក្នុងតំបន់»។
ភ្ញៀវអាចកក់សំបុត្រចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ តម្លៃសំបុត្រមាននៅលើគេហទំព័រ របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ហើយតម្លៃអាចប្រែប្រួលនៅតាមក្រុមហ៊ុនលក់សំបុត្រយន្ដហោះ និងភ្នាក់ងារអាកាសចរណ៍៕