(គូឡាឡាំពួ)៖ ម៉ាឡេស៊ីរំពឹងថា ការនាំចេញទុរេនរបស់ខ្លួនទៅកាន់ប្រទេសចិននឹងកើនឡើងពី ២០ ទៅ ២៥% នៅឆ្នាំនេះក្នុងគ្រាដែលមានកំណើនតម្រូវការ និងការកើនឡើងផលិតកម្មក្នុងស្រុក។ នេះបើយោងតាមកាសែត VN Express។
កាសែត VN Express បានរាយការណ៍ថា ការព្យាករនេះត្រូវបានធ្វើឡើងដោយផ្អែកលើការបន្តកើនឡើងផ្ទៃដីកសិកម្ម និងទីតាំងកែច្នៃ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មគួបផ្សំនឹងគំនិតផ្តួចផ្តើមផ្សព្វផ្សាយអំពីទុរេន។
រដ្ឋមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកំពុងចាត់វិធានការជំរុញការដាំដុះទុរេន។ រដ្ឋកេឡាន់តាន់ (Kelantan) ដោយផ្ទៃដី ៣ពាន់ហិកតាត្រូវបានរៀបចំសម្រាប់ការដាំចម្ការទុរេនពូជមូសាងឃីង ដែលជាពូជទុរេនដ៏ល្បីល្បាញភាគច្រើនដាំដុះនៅក្នុងប្រទេសម៉ាឡេស៊ី។
កសិករដាំទុរេនឱ្យដឹងថា ការរឹតបន្តឹងការនាំចូលថ្មីៗនេះដោយប្រទេសចិនលើផ្លែទុរេនស្រស់ដែលនាំចូលពីប្រទេសវៀតណាម និងថៃ នឹងជួយបង្កើនតម្រូវការផ្លែទុរេនរបស់ម៉ាឡេស៊ីបន្ថែមទៀត។
លោក Sam Tan ប្រធានសមាគមអ្នកនាំចេញទុរេនម៉ាឡេស៊ីបានអំពាវនាវឱ្យរដ្ឋាភិបាលម៉ាឡេស៊ីបង្កើតគោលនយោបាយហាមឃាត់ការកាត់ផ្លែទុរេនមុនអាយុកាលដើម្បីការពារសុចរិតភាពគុណភាពផ្លែទុរេនម៉ាឡេស៊ី។ លោកថ្លែងថា កសិករនៅប្រទេសថៃ និងវៀតណាម តែងតែកាត់ផ្លែទុរេនមុនអាយុកាលទុំដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន។
ទុរេនម៉ាឡេស៊ីត្រូវបានទុកឱ្យទុំតាមធម្មជាតិ និងប្រមូលផលបានតែពេលបន្ទាប់ពីផ្លែធ្លាក់ពីដើមប៉ុណ្ណោះ។ លោក Tan បានឱ្យដឹងទៀតថា ដំណើរការទុំតាមបែបធម្មជាតិនេះនាំឱ្យផលិតផលគ្មានសារធាតុគីមី ដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារដូចជាប្រទេសចិន។
ប្រទេសម៉ាឡេស៊ីបាននាំចេញទុរេនស្រស់មានតម្លៃ ៥,៥លានដុល្លារអាមេរិកទៅកាន់ប្រទេសចិនក្នុងរយៈពេល ៤ខែចុងក្រោយនៃឆ្នាំ២០២៤ បន្ទាប់ពីពិធីសារនាំចេញរវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខាកាលពីខែមិថុនា។
ប្រទេសចិនបាននាំចូលទុរេនក្នុងទំហំទឹកប្រាក់ ៦,៩៩ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៤,១% ធៀបនឹងឆ្នាំ២០២៣។ ប្រទេសផ្គត់ផ្គង់ធំៗគឺប្រទេសថៃ បន្ទាប់មកគឺវៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន។ នេះបើយោងតាមកាសែត VN Epxress៕