(ព្រះសីហនុ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញ នាថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥ បានចុះពិនិត្យគម្រោង ផឹនីនស្យ៊ូឡឺ បេ (Peninsula Bay) និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងគោលបំណងបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើការថែទាំវិនិយោគក្នុងវិស័យទេសចរណ៍ អចលនទ្រព្យ និងឧស្សាហកម្ម ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី។
ការចុះពិនិត្យនេះ គឺជាសកម្មភាពមួយនៃភារកិច្ចស្នូលរបស់ក្រុមការងារ បន្ទាប់ពីការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ជូនវិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ និងឆ្នាំ២០២៥ ក្នុងគោលដៅតាមដាន និងជំរុញការអនុវត្តគម្រោង និងស្តាប់សំណូមពរ និង បញ្ហាប្រឈមនានា ពីអ្នកអនុវត្ត និង វិនិយោគិន។
គម្រោង Peninsula Bay របស់ក្រុមហ៊ុន PENINSULA BAYINVESTMENT CO., LTD. គឺជាគម្រោងសាងសង់សណ្ឋាគារផ្កាយ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមបណ្តោយទីលានសម្តេចតេជោ មានទុនវិនិយោគ ៥៧៤ លានដុល្លារអាមេរិក និងបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៨។ ទីតាំងគម្រោងមានទំហំ ១៥៨ ៦៣៣ម៉ែត្រការ៉េ សម្រាប់បម្រើដល់ការសាងសង់សណ្ឋាគារផ្កាយ ៥ ចំនួន ២ ៨៧០បន្ទប់, សួនទឹកកម្សាន្ត និង សាលប្រជុំខ្នាតធំ, ផ្សារទំនើប, អគារពាណិជ្ជកម្មចំនួន ៥ កម្ពស់ ៣២ ជាន់ និង អគារស្នាក់នៅរួម ចំនួន ៤ អគារ កម្ពស់ ៣២ ជាន់។
គម្រោងនេះមានសកម្មភាពសាងសង់សស្រាក់សស្រាំ លឿន និង អាចបញ្ចប់តាមការគ្រោងទុក, ហើយជាមួយនេះ ក្រុមហ៊ុនកំពុងរៀបចំផែនការពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញទីតាំងគម្រោងបន្ថែមទៀត ខណៈដែលម្ចាស់គម្រោងមានទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រ និង ការសម្របសម្រួល និង ជួយដោះស្រាយបញ្ហាប្រឈមបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដាក់ចេញកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។
ដោយឡែក, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម ជាតំបន់ឧស្សាហកម្មចម្រុះ ដែលមានសហគ្រាសផលិតផលិតផល ដូចជា សម្ភារៈសំណង់, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គ្រឿងបន្លាស់, សំបកកង់រថយន្ត, បន្ទះសូឡា, សម្ភារៈពេទ្យ,កាបូប, វ៉ាលី, សម្លៀកបំពាក់, និង ស្បែកជើង ជាដើម។
ក្នុងឆ្នាំ២០២៤, សហគ្រាសដែលកំពុងវិនិយោគនៅក្នុងតំបន់ មានចំនួន ១៩០ សហគ្រាសមកពីប្រទេសចិន អឺរ៉ុប អាមេរិក និង តំបន់អាស៊ីអាគ្នេយ៍, ប្រើប្រាស់កម្លាំងកម្មករ-និយោជិតជិត ៣០ ០០០ នាក់ ដែលមានប្រាក់ចំណូលប្រចាំខែប្រមាណ ៣០០ ដុល្លារអាមេរិក និង សម្រេចបានទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ ៣ ៦៧២ លានដុល្លារអាមេរិក គិតពីខែមករា ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគោលដៅប្រែក្លាយទៅជាឧទ្យានឧស្សាហកម្មអន្តរជាតិមួយ ដែលមានសហគ្រាសសរុប ៣០០ និង អាចបង្កើតការងារបានចំនួន ៨០ ០០០ ដល់ ១០០ ០០០ នាក់។ ទន្ទឹមនេះ, ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងធ្វើការអភិវឌ្ឍបន្ថែម លើផ្ទៃដីដែលមិនទាន់អភិវឌ្ឍជាង ៥០០ ហិកតា លើផ្ទៃដីសរុប ១១១៣ ហិកតា ដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធលូ ទឹក និង អគ្គិសនី ជាដើម ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគថ្មីៗទៀត ខណៈដែលរាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តពិសេស និងដាក់ចេញយន្តការជំរុញវិនិយោគនានា ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការស្វែងយល់បញ្ហាប្រឈមរបស់វិនិយោគិន គឺជាភារកិច្ចសំខាន់របស់ក្រុមការងារ ដើម្បីស្វែងរកដំណោះស្រាយ និងការសម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញការអនុវត្តគម្រោងដោយរលូន និង បង្កើតបរិយាកាសវិនិយោគល្អប្រសើរ ។
ជាមួយនេះ, ក្រុមការងារប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងអនុវត្តកម្មវិធីពិសេសនេះ ឱ្យសម្រេចតាមគោលបំណងរាជរដ្ឋាភិបាល ដើម្បីជំរុញសម្ទុះសេដ្ឋកិច្ច, ជំរុញសកម្មភាពវិនិយោគ និង ដោះស្រាយបញ្ហាអគារគាំងនៅក្នុងខេត្ត ទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្ម និង វិស័យសំខាន់ៗផ្សេងៗទៀត ។
សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនទាំងពីរធ្លាប់ស្នើមកក្រុមការងារ ដើម្បីដោះស្រាយការលំបាក និងសំណូមពរនានា ។ ផ្អែកតាមនេះ, ក្រុមការងារបានសម្របសម្រួលជាមួយរដ្ឋបាលខេត្ត និងក្រសួងស្ថាប័ន ដែលតែងតែផ្តល់កិច្ចសហការខ្ពស់ ហើយបានដោះស្រាយការលំបាក និង សំណូមពរមួយចំនួន និង នៅសល់មួយចំនួនទៀត ដែលក្រុមការងារនឹងបន្តពិនិត្យ ដើម្បីជំរុញ និងចូលរួមការអភិវឌ្ឍខេត្តព្រះសីហនុ ស្របពេលដែលក្រុមការងារនឹងបន្តសម្របសម្រួលដោះស្រាយ បញ្ហាប្រឈមរបស់វិនិយោគិន និងធុរជននានា នៅក្នុងទូទាំងខេត្តព្រះសីហនុ ។
ក្នុងន័យនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនចូលរួមសហការផ្តល់ព័ត៌មាន, មតិ ឬសំណូមពរផ្សេងៗ តាមការជាក់ស្តែង ដើម្បីក្រុមការងារស្វែងយល់ និង ស្វែងរកដំណោះស្រាយ និងធ្វើការសម្របសម្រួល៕
https://image.freshnewsasia.com/2021/id-022/fn-2025-03-03-20-09-32-1.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-03-20-09-33-2.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-03-20-09-33-3.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-03-20-09-34-4.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-03-20-09-34-5.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-03-20-09-37-0.JPG