(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងជាជាប្រធានកិត្តិយស សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បានលើកឡើងថា ចំពោះអ្នកដែលចាប់អារម្មណ៍ ក្នុងការវិនិយោគក្នុងវិស័យមូលបត្រ សូមកុំផ្ញើសាច់ប្រាក់ឱ្យគេវិនិយោគជំនួស ជៀសវាងការខាតបង់ ពោលគឺត្រូវតែរៀនឱ្យចេះ ឈ្វេងយល់ឱ្យច្បាស់សិន ចាំធ្វើការជួញដូរនៅក្នុងទីផ្សារ។
លោក ស៊ូ សុជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ និងរាត្រីស្រមោលស របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
លោកមានប្រសាសន៍ថា អ្នកចង់ជួញដូរក្នុងវិស័យមូលបត្រ មិនគួរជួញដូរ ទាំងមិនស្គាល់ពីវេទិកាជួញដូរ ឬផលិតផលដែលត្រូវជួញដូរនោះទេ។
លោកបានលើកឡើងយ៉ាងដូច្នេះថា «បើមិនស្គាល់វេទិកា ឬផលិតផលគេផងទៅជួញដូរពីអ្វី? បើយើងមិនដឹងពីវិធីនៃការដកសាច់ប្រាក់មកវិញទេ សូមកុំធ្វើការជួញដូរ។ ជឿតាមគេនាំគ្នាដាក់សាច់ប្រាក់តន្ទុយគ្នា ចេះតែដាក់ទៅ ហើយគេថាចំណេញហើយ ដកលុយតាមណាអត់ដឹងផង។ បើអត់ដឹងថាដកលុយ តាមណាផងទៅជួញដូរធ្វើអ្វី […] រៀនឱ្យដឹង យល់ឱ្យច្បាស់ ជាពិសេសកន្លែងដាក់សាច់ប្រាក់ កន្លែងដកសាច់ប្រាក់មកវិញ ហើយស្របច្បាប់»។
លោក ស៊ូ សុជាតិ មានប្រសាសន៍បន្ថែមថា សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ដើរតួនាទីសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលដល់វិនិយោគិនថ្មីៗ ដើម្បីឱ្យពួកគេយល់ដឹងកាន់តែច្បាស់ ពីការវិនិយោគក្នុងវិស័យមូលបត្រ មុននឹងធ្វើការជួញដូរ។ លោក បានលើកទឹកចិត្ត ឱ្យសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បន្តការបណ្តុះបណ្តាលបន្ថែមឱ្យបានកាន់តែច្រើននៅក្នុងឆ្នាំ២០២៥នេះផងដែរ។
ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះសមាគម ដែលបានដាក់គោលការណ៍ហាមសមាជិកណាម្នាក់ ទទួលយកសាច់ប្រាក់ពីអ្នកដទៃមកជួញដូរជំនួស និងលើកទឹកឱ្យបន្តនូវគោលការណ៍នេះ។ ហើយសមាជិកណាដែលចង់ជួញដូរ ក្នុងផ្សារមូលបត្រ អាចចូលជាសមាជិករបស់សមាគម ដើម្បីទទួលបានការបណ្តុះបណ្តាល។
លោកបានរលឹកបន្ថែមថា មុននឹងដាក់សាច់ប្រាក់វិនិយោគក្នុងទីផ្សារ ត្រូវពិនិត្យឱ្យច្បាស់ និងត្រូវវិនិយោគជាមួយគម្រោងដែលបានចុះបញ្ជីតាមច្បាប់។
លោកបានលើកឡើងថា វិនិយោគិនត្រូវដឹងថា ការវិនិយោគនៅក្នុងទីផ្សារមូលបត្រ គឺហានិភ័យកាន់តែធំ នោះនឹងផ្តល់ចំណេញកាន់តែច្រើន ដែលហានិភ័យនោះគឺប្រឈមនឹងការខាតបង់ ឬបាត់សាច់ប្រាក់ ប៉ុន្តែបើគ្រប់គ្រងបាននឹងចំណេញច្រើន។ ប៉ុន្តែប្រសិនបើមិនចង់ប្រឈមនឹងហានិភ័យខ្ពស់ អាចវិនិយោគលើសញ្ញាបណ្ណ ដែលទទួលបានអត្រាការប្រាក់៨.៥% ក្នុងមួយឆ្នាំ ដែលនេះគឺជាការជួញដូរដែលផ្តល់នូវហានិភ័យទាបបំផុត។ ក្នុងករណីដែលចង់ឱ្យហានិភ័យនៃការវិនិយោគស្មើសូន្យ គឺវិនិយោគទៅលើសញ្ញាបណ្ណរដ្ឋ ប៉ុន្តែការប្រាក់ទាប៕