ក្រុមហ៊ុន Microsoft ជំរុញឱ្យរដ្ឋាភិបាលលោក ត្រាំ បន្ធូរបន្ថយវិធានការទប់ស្កាត់ការនាំចេញបន្ទះឈីប (Video inside)
03-03-2025 08:21
(វ៉ាស៊ីនតោន)៖ ប្រធានក្រុមហ៊ុន Microsoft Corp. លោក Brad Smith កំពុងជំរុញឱ្យរដ្ឋាភិបាលបាលរបស់លោក ដូណាល់ ត្រាំ ពិចារណាឡើងវិញលើបទប្បញ្ញត្តិ ដែលនឹងទប់ស្កាត់ការនាំចេញបន្ទះឈីបបញ្ញាសិប្បនិមិត្តទៅកាន់ «ទីផ្សារជាយុទ្ធសាស្ត្រដ៏សំខាន់ៗ» រួមទាំងប្រទេសអ៊ីស្រាអែល និងស្វីស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ដោយដាក់ចេញដោយរដ្ឋាភិបាលរបស់អតីតប្រធានាធីបតីលោក ចូ បៃឌិន វិធានការទប់ស្កាត់ការនាំចេញបន្ទាប់ឈីបនេះ បានដាក់ប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួន នៅក្នុងកម្រិតទីពីរក្នុងចំណោមវិធានការដែលមានបីកម្រិត ដើម្បីទប់ស្កាត់ការនាំចេញបន្ទះឈីប ដែលប្រើក្នុងមជ្ឈមណ្ឌលទិន្នន័យ ដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិមិ្មត AI។
លោក Smith បាននិយាយថា គោលនយោបាយនេះអាចជំរុញឱ្យប្រទេសផ្សេងទៀត ងាកទៅរកប្រទេសចិន ដើម្បីទិញបន្ទះឈីបបច្ចេកវិទ្យាកម្រិតខ្ពស់។
លោក Smith បានសរសេរនៅក្នុងប្លុកមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «បើមិនមានការផ្លាស់ប្តូរ ច្បាប់របស់លោក បៃឌិន នេះ នឹងផ្តល់ឱ្យប្រទេសចិននូវអត្ថប្រយោជន៍ជាយុទ្ធសាស្រ្ត ក្នុងការសាបព្រួសបច្ចេកវិទ្យា AI ផ្ទាល់របស់ចិន ដូចកាណ៍ដែលធ្លាប់កើតមានយ៉ាងឆាប់រហ័ស នៅក្នុងទូរគមនាគមន៍ 5G កាលពីមួយទសវត្សរ៍មុនដូច្នេះដែរ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕