(ហូជីមិញ)៖ តម្លៃដុំមាសរបស់វៀតណាម បានធ្លាក់ចុះ ០,៧៧% មកនៅត្រឹម ៩០,៥លានដុង (៣ ៥៤១,០៣ដុល្លារអាមេរិក) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសុក្រ ខណៈតម្លៃមាសពិភពលោកធ្លាក់ថ្លៃ។ នេះបើយោងតាមកាសែត VN Express។
កាសែត VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,៦៦% មកនៅត្រឹម ៩០,៤លានដុង (៣ ៥៣៧,៤៧ដុល្លារអាមេរិក) ក្នុងមួយតម្លឹង។ ១ តម្លឹងស្មើនឹង ៣៧,៥ក្រាម ឬ ១,២អោន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅទីផ្សារពិភពលោក តម្លៃមាសបានធ្លាក់ចុះថ្លៃទាបកាលពីថ្ងៃសុក្រ ខណៈពេលដែលវិនិយោគិនកំពុងរង់ចាំទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិកដែលជាមូលដ្ឋានសម្រាប់សេចក្តីសម្រេចចិត្តបន្ទាប់នៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។
តម្លៃមាសដុំសម្រាប់ជួញដូរភ្លាមៗបានធ្លាក់ចុះ ០,១% នៅ ២ ៨៧៤,៦៩ដុល្លារក្នុងមួយអោន។ មាសដុំបានធ្លាក់ចុះថ្លៃ ២% មកទល់ពេលនេះសម្រាប់សប្តាហ៍គិតត្រឹមថ្ងៃសុក្រទី២៨ ខែកុម្ភៈ ដែលជាការធ្លាក់ចុះប្រចាំសប្តាហ៍ដ៏ធំបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមកាសែត VN Express លោក Yeap Jun Rong អ្នកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន IG បាននិយាយថា៖ «ខណៈពេលដែលមាសត្រូវបានចាត់ទុកថាជាទ្រព្យរក្សាសុវត្ថិភាព ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម អាចនៅតែមើលឃើញថា ជាឱកាសបង្កើតសកម្មភាពស្វែងរកប្រាក់ចំណេញ ជាបន្តបន្ទាប់ក្នុងគ្រាដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃ»។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដំឡើងពន្ធ ២៥% លើទំនិញម៉ិកស៊ិកនិងកាណាដានឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា រួមជាមួយនឹងពន្ធបន្ថែម ១០% លើការនាំចូលទំនិញរបស់ចិន ដោយសារតែថ្នាំញៀននៅតែហូរចូលសហរដ្ឋអាមេរិកពីប្រទេសទាំងនោះ។
មាសត្រូវបានគេមើលឃើញថា ជាទ្រព្យការការពារហានិភ័យផ្នែកនយោបាយ និងអតិផរណា ប៉ុន្តែអត្រាការប្រាក់ខ្ពស់ជាងមុនធ្វើឱ្យប៉ះពាល់ដល់ចំណាប់អារម្មណ៍ទិញមាស ដែលមិនផ្តល់ផលចំណេញខ្ពស់៕