(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា​ បានលើកទឹកចិត្តដល់សាធារណជន ចូលរួមវិនិយោគមូលបត្ររដ្ឋ ដើម្បីឱ្យរដ្ឋទទួលបានថវិកាបន្ថែម ក្នុងការវិនិយោគទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ហើយអ្នកវិនិយោគក៏ទទួលបានអត្រាការប្រាក់ត្រឡប់មកវិញ​ ខណៈការវិនិយោគ គឺមានសុវត្ថិភាព១០០%។

​រាជរដ្ឋាភិបាលចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូង​ក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានដេញថ្លៃតាមរយៈវេទិកាដេញថ្លៃ របស់ធនាគារជាតិនៃកម្ពុជា ដោយអ្នកវិនិយោគតាមស្ថាប័ន ដូចជាធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង។

នៅឆ្នាំ២០២៥នេះ រដ្ឋគ្រោងនឹងបោះផ្សាយមូលបត្រ​រដ្ឋ​​ចំនួន​ ៥០០ពាន់លានរៀល ឬស្មើនឹងប្រមាណជាង ១២០លានដុល្លារអាមេរិក ​និងបានកែប្រែប្រព័ន្ធនៃការទិញលក់ ពោលគឺ​សាធារណជនក៏អាចមានឱកាស​ក្នុងការវិនិយោគផងដែរ ដែលការទិញលក់មូលរដ្ឋនេះ គឺធ្វើឡើងតាមរយៈអន្តរការី ឬឈ្មួញកណ្តាល។

លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា ​កាលបោះផ្សាយដំបូង មានតែវិនិយោគិនធំៗប៉ុណ្ណោះ ដូចជាគ្រឹះស្ថានធនាគារ ទើបអាចវិនិយោគលើមូលបត្ររដ្ឋនេះ ​​ប៉ុន្តែនៅពេលដែលបើកឱ្យសាធារណជនចូលរួមវិនិយោគ នឹងធ្វើឱ្យទីផ្សារកាន់តែធំ ដែលលោកមើលឃើញថា វិនិយោគិនគោលដៅមានច្រើនណាស់នៅក្នុងទីផ្សារ។

លោកបានកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ទីផ្សារមូលបត្ររដ្ឋបានដំណើរការ​កាន់តែប្រសើរ ជាពិសេសក្នុងឆ្នាំ២០២៤ ​ដែលធ្វើឱ្យការប្រមូលសាច់ប្រាក់បានកាន់តែធំ។ ដើម្បីធ្វើឱ្យទីផ្សារនេះ កាន់តែប្រសើរ ការចូលរួមរបស់សាធារណជន កាន់តែមានភាពចាំបាច់។ ជាមួយគ្នាអន្តរការីមូលបត្ររដ្ឋដើរនាទីសំខាន់ណាស់ ដើម្បីធ្វើឱ្យដំណើរការទីផ្សារដំបូងកាន់តែល្អ។ លោកលើកឡើថា បន្ទាប់ពីការអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា ​​ធ្វើជាអន្តរការីមូលបត្ររដ្ឋ នឹងជំរុញឱ្យការវិនិយោគមូលបត្ររដ្ឋនឹងកើនឡើងជាមុន។

លោកបានអះអាងថា ការវិនិយោគលើមូលបត្ររដ្ឋ គឺសុវត្ថិភាព ១០០% ពោលគឺហានិភ័យស្មើសូន្យ ព្រោះរដ្ឋមិនងាយក្ស័យធន​ រហូតដល់គ្មានលុយសងដល់អ្នក​វិនិយោគនោះទេ ដែលនេះគឺចំណុចសំខាន់នៃមូលបត្ររដ្ឋ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងអត់មានត្រូវភ័យខ្លាចទេ បើសិនជាកម្ពុជាក្ស័យធន់យើងរត់ទៅណារួច? ប៉ុន្តែខ្ញុំអត់ជឿទេ គ្មានថ្ងៃដែលកម្ពុជាក្ស័យធន់ទេ ដូចជាយើងឃើញទាំងអស់គ្នានូវសមិទ្ធផលនានា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី យើងឃើញទាំងអស់គ្នាបន្តពីសម្តេចតេជោ។ [...] រដ្ឋយើងមានតែគោលនយោបាយសមស្រប ដែលអាចឱ្យយើងឈានដំណើរបន្តិចៗម្តងៗ ទៅរកភាពរឹងមាំ ដូចគ្នាបានដឹងហើយបានថាឆ្នាំ២០២៩ កម្ពុជាចាកចេញពីប្រទេសចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យម»

លោក ឃឹម ហ្វាដាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា មូលបត្ររដ្ឋត្រូវបានបោះផ្សាយលើកដំបូងនៅខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានថវិកាប្រមាណជាង ៧២ប៊ីលានរៀល, ចំណែកការបោះផ្សាយឆ្នាំ២០២៣ ទទួលបានថវិកា ប្រមាណ២៣៦ប៊ីលានរៀល និងបោះផ្សាយនៅឆ្នាំ២០២៤ ទទួលបានថវិកាប្រមាណ ២៩៧ប៊ីលានរៀល។ ដោយឡែកក្នុងឆ្នាំ២០២៥ រដ្ឋគ្រោងបោះផ្សាយប្រមាណ ៥០០ប៊ីលានរៀល ឬប្រមាណ១២៣លានដុល្លារ។

បើតាមមន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះ បានឱ្យដឹងផងដែរ ក្នុងឆ្នាំ២០២៥នេះ មូលបត្ររដ្ឋបានបោះផ្សាយម្តងរួចមកហើយ គឺខែកុម្ភៈ​ ក្នុងទំហំទឹកប្រាក់ ២៣.៩១ប៊ីលានរៀល ក្នុងអត្រាការប្រាក់២.៨%។ ​

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​សម្រាប់​ការបោះផ្សាយមូលបត្រលក់នៅឆ្នាំ២០២៥នេះ មានតម្លៃចារឹក​ក្នុងមួយបណ្ណ១លានរៀល ហើយប្រភេទមូលបត្រ​មានដូចជា ឥណទានប្រតិទាន ចាប់ពី១ឆ្នាំ ដល់ ១៥ ឆ្នាំ ជាមួយអត្រាគូប៉ុង ឬការប្រាក់ ថេរ ហើយការទូទាត់គូប៉ុង នឹងត្រូវធ្វើឡើង​រាល់ ៦ខែម្ដង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ ខណៈដែលគម្លាតនៃការបោះផ្សាយ​មានរយៈពេល ៤សប្ដាហ៍ម្ដង​។

​ធនាគារ អេស៊ីលីដា ភីអិលស៊ី ​គឺជាធនាគារពាណិជ្ជទីមួយ ដែលត្រូវបាននិយ័តករមូលបត្រកម្ពុជា អនុញ្ញាតឱ្យធ្វើជាអន្តរការីមូលបត្ររដ្ឋ ឬឈ្មួញកណ្តាល ដើម្បីសម្រួលដល់ការទិញលក់មូលបត្រដល់សាធារណជន។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា មុននឹងក្លាយជា អន្តរការីមូលបត្ររដ្ឋ ធនាគារអេស៊ីលីដា ក៏បាន​ចូលរួម​ទិញមូលបត្ររដ្ឋ ដែលបានបោះផ្សាយនាពេលកន្លងមកផងដែរ។ ​​សារៈសំខាន់ និងអត្ថប្រយោជន៍ នៃការជួញដូរមូលបត្ររដ្ឋ ទើបជំរុញឱ្យធនាគារអេស៊ីលីដា សម្រេចធ្វើជាអន្តរការីមូលបត្ររដ្ឋ ដើម្បីចូលរួមផ្សព្វផ្សាយ និងផ្ដល់ឱកាសឲ្យវិនិយោគិន​សាធារណៈ បានចូលរួម​ក្នុងការវិនិយោគលើ​មូលបត្ររដ្ឋ​។

លោកមានប្រសាសន៍បន្ថែមថា នេះគឺជាឱកាសល្អដែលសាធារជន គួរតែចូលរួមក្នុងការវិនិយោគមូលបត្រ ព្រោះមានសុវត្ថិភាព ពោលគឺហានិភ័យស្មើសូន្យ​៕