(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រសាធារណៈនៅកម្ពុជា ត្រូវបាននិយ័តករមូលបត្រកម្ពុជាអនុញ្ញាតឱ្យធ្វើជាអន្តរការីទិញលក់មូលបត្ររដ្ឋ ដែលចាប់ពីពេលនេះទៅសាធារណជនក៏មានសិទ្ធិក្នុងការវិនិយោគលើមូលបត្ររដ្ឋផងដែរ។

ពិធីប្រកាសជាផ្លូវការការទទួលបានការអនុញ្ញាតធ្វើជាអន្តរការីមូលបត្ររដ្ឋរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសិក្ខាសាលា ស្តីពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើមូលបត្ររដ្ឋ បានរៀបចំឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ពិធីប្រកាសជាផ្លូវការ និងសិក្ខាសាលានេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ ធនាគារជាតិ នៃ កម្ពុជា លោក ឃឹម ហ្វាដាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលត្រូវបានអនុញ្ញាតឱ្យធ្វើជាអន្តរការីមូលបត្ររដ្ឋ ។

លោកបានមានប្រសាសន៍ថា មូលបត្ររដ្ឋគឺជាឧបករណ៍ហិរញ្ញវត្ថុមួយដែលមានសារៈសម្រាប់បម្រើដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទានទាំងក្នុងស្រុក ក្រៅស្រុក និងពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ លោកលើកទឹកចិត្តដល់សាធារណៈវិនិយោគលើមូលបត្ររដ្ឋ ព្រោះមានសុវត្ថិភាព និងមានការទូទាត់សង់ទៀងទាត់ ហើយរដ្ឋក៏ទទួលបានថវិកាសម្រាប់វិនិយោគសាធារណៈផ្សេងៗ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី ពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលការអនុញ្ញាត ពីនិយ័តករមូលបត្រកម្ពុជា ធ្វើជាអន្តរការីមូលបត្ររដ្ឋក្នុងវិស័យមូលបត្រ ដើម្បីផ្តល់សេវាកម្មនេះជូនដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេសដែលមានបំណងវិនិយោគ និង/ឬជួញដូរមូលបត្ររដ្ឋនៅកម្ពុជា តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាជម្រើសនៃការវិនិយោគមួយបន្ថែមទៀតប្រកបដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍។ លើសពីនេះ ការវិនិយោគលើមូលបត្ររដ្ឋជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ។

នាឱកាសដ៏មានសារៈសំខាន់នេះផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា និយ័តករមូលបត្រកម្ពុជា បានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី រៀបចំសិក្ខាសាលាស្តីពី «សក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើមូលបត្ររដ្ឋ» ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការវិនិយោគលើមូលបត្ររដ្ឋ។ តាមរយៈសិក្ខាសាលានេះ វិនិយោគិន អតិថិជន និងសាធារណជន នឹងទទួលបាននូវចំណេះដឹងអំពីការវិនិយោគលើមូលបត្ររដ្ឋ ដោយមានវាគ្មិន ដែលជាថ្នាក់ដឹកនាំតំណាងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ អេស៊ីលីដា ភីអិលស៊ី៕