(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីន បានស្វាគមន៍ការដកប្រទេសរបស់ខ្លួន ចេញពីបញ្ជីលុយកខ្វក់ របស់ស្ថាប័នក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលជាស្ថាប័នឃ្លាំងមើលវិស័យហិរញ្ញវត្ថុពិភពលោកមួយ។

ការលុបឈ្មោះចេញពីបញ្ជីនេះអាចជួយជំរុញឱ្យមានប្រាក់បញ្ញើពីបរទេសបន្ថែមទៀត និងជំរុញការវិនិយោគបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់របស់ប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់ស្ថាប័ន FATF ក្នុងការដកទីក្រុងម៉ានីលចេញពីបញ្ជីនេះត្រូវបានគេរំពឹងថានឹង «សម្របសម្រួលដល់ប្រតិបត្តិការឆ្លងព្រំដែន កាន់តែលឿននិងចំណាយទាប កាត់បន្ថយឧបសគ្គអនុលោមតាមច្បាប់ និងបង្កើនតម្លាភាពហិរញ្ញវត្ថុ»

ទេសាភិបាលធនាគារកណ្តាលហ្វីលីពីនលោក Eli Remolona ដែលក៏ជាប្រធានក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់បាននិយាយថា ចំណាត់ការរបស់ស្ថាប័ន FATF «បំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុក្លាយជាកត្តាជំរុញដ៏រឹងមាំនៃកំណើនប្រកបដោយនិរន្តរភាព»

ស្ថាប័ន FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានឱ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីនលែងស្ថិតក្នុងបញ្ជីប្រទេសដែលស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងទៀតហើយបន្ទាប់ពីរដ្ឋាភិបាលជំរុញឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។

ប្រទេសហ្វីលីពីន គឺជាប្រទេសតែមួយគត់ ដែលត្រូវបានដកចេញពីបញ្ជីនេះ ខណៈដែលប្រទេសឡាវ និងនេប៉ាល់ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕