(គូឡាឡាំពួ)៖ ម៉ាឡេស៊ីមានបំណងពិភាក្សាជាមួយសហរដ្ឋអាមេរិក អំពីផែនការដំឡើងពន្ធគយរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ លើការនាំចូលបន្ទះឈីប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មលោក Zafrul Aziz បាននិយាយថា លោកនឹងចាកចេញទៅកាន់សហរដ្ឋអាមេរិកក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីមធ្យោបាយធ្វើការងារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
លោក Zafrul ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងទីក្រុងគូឡាឡាំពួរកាលពីថ្ងៃចន្ទថា៖ «យើងមានការព្រួយបារម្ភប្រសិន បើមានការដកហូតពន្ធគយ ឬការរឹតបន្តឹងលើការនាំចេញលើបន្ទះឈីប»។ លោកបានបន្ថែមថា៖ «ដូច្នេះ ការចូលរួមជជែកគ្នាគឺជាគន្លឹះ ប៉ុន្តែវាពិតជានឹងមានផលអវិជ្ជមានសម្រាប់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ប្រសិនបើពន្ធគយកើតឡើង»។
សហរដ្ឋអាមេរិកគឺជាទីផ្សារធំទីបី របស់ម៉ាឡេស៊ីសម្រាប់ការនាំចេញបន្ទះឈីប។ លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកទំនងជានឹងដកហូតពន្ធគយលើការនាំចូលរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថក្នុងអត្រាប្រហែល ២៥% ដោយការប្រកាសនឹងធ្វើឡើងនៅថ្ងៃទី២ ខែមេសា។
ប្រទេសម៉ាឡេស៊ីកាលពីឆ្នាំមុនបានសន្យាវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ២៥ពាន់លានរីងហ្គីត (៥,៧ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួន ដោយព្យាយាមបង្កើនតួនាទីរបស់ខ្លួន ខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានអង្រួនខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕