(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ សហគ្រាសធុនតូច​ និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាលសរុបប្រមាណ ១ ២៩២មូលដ្ឋាន បាន​ចុះបញ្ជីផ្លូវការ ដើម្បីធ្វើឱ្យការប្រកបអាជីវកម្មរបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ នេះបើ​តាមការលើកឡើងរបស់លោក ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​ក្នុង ​«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»​ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

តាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្មបានឱ្យដឹងថា ក្នុងការចុះបញ្ជីសហគ្រាស ទាំងជិត១៣០០សហគ្រាសនេះ ក្នុងនោះការចុះបញ្ជីថ្នាក់កណ្តាលបានចំនួន១៧មូលដ្ឋាន ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨មូលដ្ឋាន ចុះបញ្ជីនៅតាមបណ្តាមន្ទីររាជធានី-ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះបញ្ជីនៅតាមបណ្តារាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌបានចំនួន ១០៦មូលដ្ឋាន។ ជាមួយគ្នានេះ ក្រសួងបានចេញវិញ្ញាបនបត្រដំណើរការចំនួន ១ ០៥២មូលដ្ឋាន និងវិញ្ញាបនបត្របន្តចំនួន ១ ៣៣៨មូលដ្ឋាន ដែលបានបង្កើតការងារថ្មីចំនួន២៥ ៨៣៣នាក់។

ទន្ទឹមនឹងការចុះបញ្ជីសហគ្រាសថ្មីនេះ ក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មចំនួន ១ ៩៥០ មូលដ្ឋានបានបិទអាជីវកម្មផងដែរ ដែលធ្វើឱ្យ​កម្លាំងពលកម្មថយចុះប្រមាណ ១៣ ៥៧៦នាក់។

គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មបង្គរសរុបមានចំនួន ៤៣ ៩៧០ មូលដ្ឋាន ក្នុងនោះគ្រប់គ្រងដោយសហគ្រិនស្រ្តីមានចំនួន ៨ ៣២៥មូលដ្ឋាន និងផ្តល់ការងារបានចំនួន៤៧៦ ២២៣នាក់ ក្នុងនោះស្រ្តីមានជាង១៤ម៉ឺននាក់​៕