​(ភ្នំពេញ)៖ ថ្មីៗនេះមានសាធារណជនមានចម្ងល់ ទាក់ទិននឹងការលោតឡើងខ្ពស់នៃកំណើនអតិផរណាប្រមាណ ៦ភាគរយក្នុងខែមករា ឆ្នាំ២០២៥នេះ។ ក្នុងនោះបើតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការកើនឡើងនៃអតិផរណានេះ ជាចម្បងបណ្ដាលមកពីការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។

ដើម្បីឲ្យសាធារណជនជ្រាបកាន់តែច្បាស់ នៃការកើនឡើងនៃអតិផលរណានេះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបកស្រាយបញ្ជាក់ថា នេះជាតួលេខសន្ទស្សន៍ថ្លៃទំនិញ ខែមករា ឆ្នាំ២០២៥ ធៀបនឹងខែមករា ឆ្នាំ២០២៤ សូមកុំយល់ច្រឡំថា ធៀបនឹងខែធ្នូ ចំពោះអត្រាអតិផរណខែមករា ឆ្នាំ២០២៥ ធៀបនឹងខែធ្នូ ឆ្នាំ២០២៤ មានកម្រិតត្រឹម ០,៣%។

លោកស្រីបណ្ឌិតបញ្ជាក់ថា ចំពោះតួលេខនេះឃើញខ្ពស់ដោយសារកាលពីខែមករា ឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃទំនិញមានកម្រិតអវិជ្ជមាន -០,៥% ដូច្នេះមូលដ្ឋាននៃការគណនាទាប ហើយយើងឃើញតួលេខនេះខ្ពស់។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា «អតិផរណាខ្ពស់ គឺដោយសារមានការឡើងថ្លៃនៃម្ហូបអាហារ នាចុងខែមករា ឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលដែលមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួនឡើងថ្លៃ ក្នុងនោះបន្លែកើន១៥,៦%, ផ្លែឈើកើនចំនួន១១,៩%, ថ្លៃត្រីរ៉ស់ធម្មជាតិកើន៦,៧% និងថ្លៃសាច់ជ្រូកកើន ៤,៩% ដែលធ្វើឲ្យសន្ទស្សន៍ថ្លៃម្ហូបអាហារទូទៅកើនឡើង៧,៨%។ ដូច្នេះបើគណនាអតិផរណា ដកថ្លៃម្ហូបអាហារ និងភេស្ជជៈមិនស្រវឹងចេញ នោះអតិផរណា នៅសល់តែ៣,៧% ប៉ុណ្ណោះ»

លោកស្រីបណ្ឌិតបានបន្ថែមថា ចំពោះពាក្យថាសន្ទស្សន៍គឺបានន័យថា ជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នា ដោយឲ្យទម្ងន់ទៅលើថ្លៃទំនិញណាដែលមានសារៈសំខាន់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងមុខទំនិញដទៃ ដូច្នេះមិនអាចនិយាយថា ការឡើងថ្លៃ ៦ភាគរយចំពោះគ្រប់ទំនិញនោះទេ។

ការគណនាអត្រាអតិផរណា គឺត្រូវប្រើប្រាស់វិធីសាស្ត្រ ដែលមានលក្ខណៈស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។ ការប្រមូលថ្លៃទំនិញគឺត្រូវធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិជាប្រចាំ លើចំនួនមុខទំនិញជាក់លាក់ចំនួន២៥៩មុខ ពីទីតាំងលក់មួយចំនួនជាក់លាក់ ដែលគេហៅថាកន្ត្រកទំនិញ។

ក្រោយពីទទួលបានសន្ទស្សន៍ថ្លៃ ធនាគារជាតិនៃកម្ពុជា គណនាអត្រាអតិផរណាប្រចាំខែ និងប្រចាំឆ្នាំ ហើយក្នុងចំណោមមុខទំនិញទាំងអស់នោះ មានមុខទំនិញខ្លះដែលសំខាន់ សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានឱ្យទម្ងន់ច្រើនជាងមុខទំនិញ មួយចំនួនទៀត ឧទាហណ៍ទម្ងន់នៃថ្លៃម្ហូបអាហារ មានសមាមាត្រ ៤៤,៨% នៃកន្ត្រកមុខទំនិញ សម្រាប់ការគណនារកសន្ទស្សន៍ថ្លៃទំនិញ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា អត្រាអតិផរណជាសូចនាករមួយ ដែលអ្នករៀបចំគោលនយោបាយ អាចយល់អំពីស្ថានភាពថ្លៃទំនិញ និងរៀបចំគោលនយោបាយសមស្រប ដើម្បីរក្សាអំណាចទិញរបស់ប្រជាជន។ ការរក្សាស្ថិរភាពថ្លៃជាមុខងារភារកិច្ចចម្បងមួយ របស់ធនាគារជាតិនៃកម្ពុជា តាមរយៈការប្រើឧបករណ៍ គោលនយោបាយរូបិយវត្ថុ ប៉ុន្តែរាជរដ្ឋាភិបាលក៏មានភារកិច្ចសំខាន់ផងដែរ តាមរយៈការប្រើឧបករណ៍ គោលនយោបាយសារពើពន្ធ និងជំរុញផលិតភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក៕