(បាងកក)៖ ផលិតកម្មរថយន្ត នៅក្នុងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់២៤.៦៣ភាគរយ ក្នុងខែមករាកន្លងទៅ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម១០៧,១០៣គ្រឿង ដោយសារតែតម្រូវការក្នុងស្រុក និងការនាំចេញធ្លាក់ចុះ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធឧស្សាហកម្មថៃ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ថៃ គឺជាមជ្ឈមណ្ឌលផលិតកម្មរថយន្តធំជាងគេបំផុត ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក ក្នុងនោះរួមទាំង Toyota និង Honda ផងដែរ។
ទិន្នផលបានធ្លាក់ចុះច្រើនជាង១៧.៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងខែធ្នូ និងជាខែទី១៨ជាប់ៗគ្នា ដែលផលិតកម្មបានធ្លាក់ចុះ។
ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ១២.២៦ភាគរយ ក្នុងខែមករា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម៤៨,០៩២គ្រឿង, បន្ទាប់ពីធ្លាក់ចុះ២០.៩៤ភាគរយ ក្នុងខែធ្នូ។
សហព័ន្ធ បានឱ្យដឹងថា ការធ្លាក់ចុះនៃការលក់ ដោយសារតែការរឹតបន្តឹងកម្ចីរថយន្ត ព្រោះតែបំណុលគ្រួសារខ្ពស់។
ការនាំចេញវិញ បានធ្លាក់ចុះ២៨.១៣ភាគរយ ក្នុងខែមករា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម៦២,៣២១គ្រឿង, ជាកម្រិតទាបជាងគេបំផុត ក្នុងរយៈពេល៣៣ខែ ដោយសារតែការប្រកួតប្រជែង បានកើនឡើង ពីរថយន្តរបស់ចិន។ ខណៈការពីខែធ្នូ បានធ្លាក់ចុះ១៥.៤៦ភាគរយ។
អូស្ត្រាលី, ហ្វីលីពីន និងជប៉ុន គឺជាទីផ្សារនាំចេញរថយន្តកំពូលទាំង៣របស់ថៃ កាលពីឆ្នាំមុន៕