(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្របានបញ្ជាឱ្យប្រធានការិយាល័យពាណិជ្ជកម្មរបស់លោកបើកការស៊ើបអង្កេតនានាឡើងវិញក្នុងគោលបំណងដកពន្ធគយលើការនាំចូលពីប្រទេស ដែលយកពន្ធសេវាកម្មឌីជីថលលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មន្ត្រីសេតវិមានដែលផ្តល់ព័ត៌មានលម្អិតអំពីបញ្ជាប្រតិបត្តិនេះបាននិយាយថា លោក ត្រាំ កំពុងណែនាំមន្ត្រីរបស់លោកឱ្យពិចារណាលើការចាត់វិធានការឆ្លើយតបនានាដូចជាពន្ធគយជាដើម «ដើម្បីប្រឆាំងនឹងពន្ធលើសេវាកម្មឌីជីថល (DSTs) ការផាកពិន័យ ការអនុវត្ត និងគោលនយោបាយដែលរដ្ឋាភិបាលបរទេសយកពន្ធគយលើក្រុមហ៊ុនអាមេរិក»។
មន្ត្រីរូបនេះបាននិយាយថា៖ «ប្រធានាធិបតី ត្រាំ នឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលបរទេសប្រើប្រាស់មូលដ្ឋានពន្ធរបស់អាមេរិកសម្រាប់ផលប្រយោជន៍របស់ពួកគេទេ»។
យោងតាមឯកសារព័ត៌មានដែលចេញផ្សាយដោយសេតវិមានបានឱ្យដឹងថា បញ្ជាប្រតិបត្តិនេះបានណែនាំការិយាល័យតំណាងពាណិជ្ជកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យបើកការស៊ើបអង្កេតពន្ធលើសេវាកម្មឌីជីថលឡើងវិញ ដែលការស៊ើបអង្កេតនេះត្រូវបានផ្តួចផ្តើមឡើងក្នុងអំឡុងអាណត្តិដំបូងរបស់លោក ត្រាំ និងស៊ើបអង្កេតប្រទេសបន្ថែមណាមួយដែលប្រើប្រាស់ពន្ធឌីជីថល «ដើម្បីរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក»។
ពន្ធលើសេវាកម្មឌីជីថលដែលផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិករួមមានក្រុមហ៊ុន Google ក្រុមហ៊ុន Facebook ក្រុមហ៊ុ Apple និងក្រុមហ៊ុន Amazon បានក្លាយជាជម្លោះពាណិជ្ជកម្មជាយូរមកហើយសម្រាប់រដ្ឋាភិបាលជាច្រើនអាណត្តិរបស់សហរដ្ឋអាមេរិក។
ចក្រភពអង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ តួកគី ឥណ្ឌា អូទ្រីស និងកាណាដា បានដកហូតពន្ធលើប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនផ្តល់សេវាឌីជីថលទាំងនេះ និងក្រុមហ៊ុនផ្តល់សេវាឌីជីថលផ្សេងទៀតដែលប្រាក់ចំណុលទាំងនោះរកបានពីក្នុងដែនដីរបស់ប្រទេសទាំងនោះ។
ក្នុងអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ ការិយាល័យពាណិជ្ជកម្ម USTR បានបើកដំណើរការស៊ើបអង្កេតតាមមាត្រា ៣០១ ស្តីពីការអនុវត្តពាណិជ្ជកម្មមិនស្មើភាពប្រឆាំងនឹងប្រទេសទាំងនេះមួយចំនួន ដោយបានរកឃើញថា ពួកគេបានរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក ដោយបើកផ្លូវឱ្យមានការដកហូតពន្ធសងសឹកលើទំនិញនាំចូលមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕