(ព្រុចសែល)៖ សហភាពអឺរ៉ុបកំពុងរិះរកវិធីកាន់តែលឿន ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដោយដោយប្រទេសលោកខាងលិច ខណៈប្លុកនេះកំពុងព្យាយាមធានាបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភព ដែលបានដឹងពីការពិភាក្សានេះថា មន្ត្រីសហភាពអឺរ៉ុប កំពុងពិភាក្សាអំពីរបៀបដែលទ្រព្យសម្បត្តិរបស់រុស្ស៊ី អាចត្រូវបានប្រើប្រាស់ធ្វើជាវត្ថុបញ្ចាំ ដោយគណៈកម្មការទាមទារសំណងអន្តរជាតិ ដែលគ្រោងនឹងបង្កើតឡើង ដែលគណៈកម្មការនេះនឹងកំណត់សំណង ដែលជំពាក់អ៊ុយក្រែន។ បន្ទាប់មកទ្រព្យសម្បត្តិនេះ អាចត្រូវរឹបអូសប្រសិនបើទីក្រុងម៉ូស្គូមិនព្រមសងការខូចខាត។
ប្រភពដដែលដែលស្នើសុំនិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា តម្លៃនៃទ្រព្យសម្បត្តិដែលរឹបអូសនេះ នឹងត្រូវបានយកមកទូទាត់ តាមរយៈកាតព្វកិច្ចរបស់រុស្ស៊ីក្នុងការទូទាត់សំណង ការខូចខាតនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានណាមួយ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវាយប្រហារខ្លាំង ទៅលើលោកប្រធានាធិបតី វ៉ូឡូឌីមី ហ្សេលែនស្គី (Volodymyr Zelenskiy) នៃប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានហៅគាត់ថាជាជនផ្តាច់ការដោយគ្មានការបោះឆ្នោត និងបានស្តីបន្ទោសអ៊ុយក្រែនចំពោះការឈ្លានពានរបស់រុស្ស៊ី។ លោក Zelenskiy បានជំរុញឱ្យមេដឹកនាំអឺរ៉ុបបង្កើនជំនួយសម្រាប់ប្រទេសរបស់គាត់ក្នុងគ្រាដែលមានការគំរាមកំហែងថា សហរដ្ឋអាមេរិកដែលជាអ្នកផ្គត់ផ្គង់អាវុធ និងជំនួយហិរញ្ញវត្ថុដ៏សំខាន់របស់ទីក្រុងកៀវនឹងកាត់បន្ថយការចូលរួមក្នុងសង្គ្រាមរបស់ខ្លួន។
សហភាពអឺរ៉ុប ក្រុមប្រទេស G-7 និងអូស្ត្រាលីបានបង្កកទ្រព្យសម្បត្តិ របស់ធនាគារកណ្តាលរុស្ស៊ីប្រហែល ២៨០ពាន់លានដុល្លារក្នុងទម្រង់ជាមូលបត្រនិងសាច់ប្រាក់។ ក្រសួងរតនាគារអាមេរិកបានប៉ាន់ស្មានថា ទណ្ឌកម្មដែលដាក់លើបុគ្គលល្បីៗរបស់រុស្ស៊ីបានបង្កកទ្រព្យសម្បត្តិប្រមាណ ៥៨ពាន់លានដុល្លារបន្ថែមទៀតក្នុងនោះរួមមានទាំងផ្ទះ ទូកកម្សាន្ត និងយន្តហោះឯកជន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕